top of page

គំនូរឧស្សាហកម្ម

សេចក្តីផ្តើម

 

គំនូរឧស្សាហកម្ម គឺជាទម្រង់មួយផ្សេងទៀតរបស់កម្មសិទិ្ធបញ្ញា ដែលការពារទៅលើភាពថ្មីនៃរូបរាងពិសេសរបស់ផលិតផល។ គំនូរឧស្សាហកម្មត្រូវបានការពារដោយច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រ ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរ ឧស្សាហកម្ម ដែលបានប្រកាសអោយប្រើប្រាស់នៅក្នុងឆ្នាំ២០០៣ ជាមួយនឹងប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្មនៅ ឆ្នាំ២០០៦។ គំនូរឧស្សាហកម្មត្រូវបានចុះបញ្ជីដោយនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ លើសពីនេះទៅទៀត តាមរយៈកិច្ចព្រមព្រៀងពិសេសរវាងនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្មនៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងអង្គភាពកម្មសិទិ្ធបញ្ញាសិង្ហបុរីនៃសាធារណរដ្ឋសិង្ហបុរី គំនូរឧស្សាហកម្មរបស់សាធារណរដ្ឋសិង្ហបុរី ដែលចង់ការពារនៅក្នុង     ព្រះរាជាណាចក្រកម្ពុជា អាចធ្វើការចុះបញ្ជីបានតាមរយៈអាជ្ញាធរប្រទេសរបស់ខ្លួន ហើយគំនូរឧស្សាហកម្មរបស់ព្រះរាជាណា ចក្រកម្ពុជាដែលចង់ការពារនៅសាធារណរដ្ឋសិង្ហបុរីក៏អាចធ្វើការចុះបញ្ជីតាមរយៈអាជ្ញាធរប្រទេសខ្លួនបានដែរ។

ថ្មីៗនេះ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងហេច ស្តីពីការចុះបញ្ជីគំនូរឧស្សាហកម្មអន្តរជាតិដែលមាន ចូលជាធរមាននៅថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។ ប្រព័ន្ធចុះញ្ជីគំនូរឧស្សាហកម្មជាលក្ខណៈអន្តរជាតិនេះនិងជាដំណោះស្រាយ មួយសម្រាប់ការការពារគំនូរឧស្សាហកម្មបានជាង៦៥ ប្រទេស តាមរយៈការពាក្យស្នើសុំមួយ។  រួមជាមួយនឹងការចូលជា សមាជិកនៃសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការប្រកាសនីយនីបត្រតក្កកម្ម និងជាសមាជិកនៃពិធីសារទីក្រុងម៉ាឌ្រីដសម្រាប់ការចុះ បញ្ជីម៉ាកលក្ខណៈអន្តរជាតិ  ការអភិវឌ្ឍន៍នេះបានសម្រួលដល់នីតិវិធីចុះបញ្ជី និងកាត់បន្ថយចំណាយសម្រាប់ម្ចាស់សិទិ្ធដែល ចង់ការពារសិទិ្ធរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។  តាមចំនួនដែលបានចុះបញ្ជី  គំនូរឧស្សាហកម្មគឺជាទម្រង់កម្មសិទិ្ធបញ្ញា សំខាន់ទីពីរនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីម៉ាក។    

 

គំនូរឧស្សាហកម្មដែលអាចចុះបញ្ជីបាន 

 

គំនូរឧស្សាហកម្ម ក្នុងន័យច្បាប់នេះ គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណាមួយទោះបីជាមានឬពុំមានការ ផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ [….] អោយតែការផ្គុំ ទម្រង់ ឬសម្ភារៈនោះរំលេចឡើងជារូបពិសេសរបស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្ម ដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ។[1] ទម្រង់ផ្សេងៗទៀត ដែលទាក់ទងទៅនិងអារម្មណ៍ ដូចជាការប៉ះ ឬសំឡេងមិនត្រូវបានការពារឡើយ។ ផ្នែកណាមួយនៃគំនូរឧស្សាហកម្មដែលបម្រើ  អោយគោលបំណងសម្រាប់តែទទួលបាននូវលទ្ធផលបច្ចេកទេស និងដែលផ្នែកនោះមិនមានរូបរាងច្បាស់លាស់ក៏មិនការពារ ដែរ។[2]

គំនូរឧស្សាហកម្មត្រូវ ថ្មី ក្នុងការចុះបញ្ជី មានន័យថាគំនូរឧស្សាហកម្មនោះមិនទាន់បានបញ្ចេញអោយដឹងដល់សាធារណជន នៅទីកន្លែងណាមួយនៅលើពិភពលោកមុនកាលបរិច្ឆេទសុំចុះបញ្ជី ឬមុនកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំតាមរយៈ ការផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្តែង ឬតាមរយៈការប្រើប្រាស់ ឬតាមរយៈមធ្យោយបាយផ្សព្វផ្សាយផ្សេងៗទៀត។[3] ការ បញ្ចេញអោយដឹងដល់សាធារណជននិងមិនត្រូវបានយកមកពិចារណាឡើយ ប្រសិនបើ  ក.) ការដឹងដល់សាធារណជននូវ គំនូរឧស្សាហកម្មដែលបានកើតឡើងក្នុងអំឡុងពេល១២ (ដប់ពីរ) ខែ មុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិ ច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ ខ.) ការធ្វើអោយលេចឮខ្ចរខ្ចាយពត៌មានអំពីគំនូរឧស្សាហកម្ម តាមរយៈអ្នកដាក់ពាក្យ សុំ តាមរយៈអ្នកស្នងរបស់បុព្វជន ឬតាមរយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬអ្នកស្នងរបស់បុព្វជនដែល បណ្តាលអោយលេចឮខ្ចរខ្ចាយពត៌មាននេះ។[4] គំនូរឧស្សាហកម្មដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌មិនអាច ចុះបញ្ជីបានឡើយ។[5]

 

បែបបទនៃការដាក់ពាក្យ                         

 

សំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម ត្រូវដាក់នៅនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ សំណុំលិខិតស្នើសុំ និងឯកសារណាមួយដែលបង្កើតបានជាផ្នែកមួយនៃសំណុំលិខិតស្នើសុំត្រូវធ្វើឡើងជាភាសាខ្មែរ។[6] ពត៌មានដែលត្រូវបំពេញក្នុងពាក្យស្នើសុំមានដូចជាៈ

  • ឈ្មោះ  អាសយដ្ឋាន  សញ្ជាតិ  និងពត៌មានសម្រាប់ទំនាក់ទំនងរបស់អ្នកដាក់ពាក្យស្នើសុំ និង​អ្នកបង្កើតស្នាដៃ

  • ចំណងជើងនៃគំនូរឧស្សាហកម្ម

  • និមិត្តសញ្ញាអន្តរជាតិនៃគំនូរឧស្សាហកម្ម

  • បញ្ជាក់ពីប្រភេទនៃផលិតផល ដែលគំនូរឧស្សាហកម្មត្រូវប្រើ

  • បញ្ជាក់ពីភាពថ្មី  និងចំនុចដែលចង់បានការពាររបស់គំនូរឧស្សាហកម្ម

  • ពិពណ៍នាជាសង្ខេបអំពីគំនូរឧស្សាហកម្ម

 

សំណុំលិខិតស្នើសុំចុះបញ្ជីត្រូវភា្ជប់ជាមួយគំនូសបង្ហាញ រូបថត ឬគំនូសតាងសមស្របផ្សេងទៀតដែលតំណាងនៃវត្ថុ។ ក្រោយ ពីសំណុំលិខិតស្នើសុំ ឯកសារតម្រូវ ព្រមទាំងកម្រៃនៃការដាក់ពាក្យត្រូវបានដាក់ និងបង់ជូននាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម មន្រ្តីកាន់កាប់បញ្ជីនិងផ្តល់លេខដាក់ពាក្យ និងកាលបរិច្ឆេទទទួលសំណុំលិខិតស្នើសុំជូនដល់អ្នកដាក់ពាក្យ។[7]

រាល់ស្នាដៃគំនូរឧស្សាហកម្មដែលបង្កើតឡើងដោយនិយោជិកក្រោមកិច្ចសន្យាការងារ គឺជាកម្មសិទិ្ធរបស់និយោជក លើកលែង  តែមានកិច្ចព្រមព្រៀងផ្សេងពីនេះ។ នៅក្នុងករណីបែបនេះ ​ឯកសារបញ្ជាក់អំពីសិទិ្ធរបស់អ្នកដាក់ពាក្យស្នើសុំដែលបញ្ជាក់ពីមន្ទី សាការីត្រូវតម្រូវអោយមាន។ នៅពេលអ្នកដាក់ពាក្យសុំមានទីលំនៅអចិន្រ្តៃយ៍ ឬទីតាំងប្រកបអាជីវកម្មនៅក្រៅប្រទេសកម្ពុជា អ្នកស្នើសុំនោះត្រូវតែមានភ្នាក់ងារតំណាងដែលមានទីលំនៅ និងកំពុងប្រកបវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។[8] អ្នក ដាក់ពាក្យស្នើសុំត្រូវផ្តល់លិខិតប្រគល់សិទិ្ធចាត់តាំងភ្នាក់ងារតំណាងជូនមន្រ្តីកាន់កាប់បញ្ជីក្នុងរយៈពេល២ (ពីរ)ខែ គិតចាប់ពី កាលបរិច្ឆេទសុំចុះបញ្ជីនៃសំណុំលិខិតស្នើសុំនោះ។[9]

ខណៈដែលប្រទេសកម្ពុជាជាសមាជិកនៃអនុសញ្ញាទីក្រុងប៉ារីស និងអង្គការពាណិជ្ជកម្មពិភពលោក សំណុំលិខិតស្នើសុំចុះ បញ្ជីគំនូរឧស្សាហកម្ម អាចទាមទារសិទិ្ធអាទិភាពបានដោយផ្អែកលើសំណុំលិខិតស្នើសុំដំបូងដែលបានដាក់នៅថ្នាក់ជាតិ ថ្នាក់ តំបន់ និងថ្នាក់អន្តរជាតិ។[10] សិទិ្ធអាទិភាពនេះមានរយៈពេលប្រាំមួយ (៦) ខែ  គិតចាប់ពីកាលបរិច្ឆេទនៃការដាក់សំណុំលិខិត ស្នើសុំដំបូងបង្អស់។[11] ក្នុងករណីនេះ នាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្មនិងស្នើសុំឯកសារចម្លងនៃសំណុំលិខិតស្នើសុំដំបូង ដោយមានការបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម។ ការផ្តល់ឯកសារថតចម្លងនៃសំណុំលិខិតស្នើសុំដំបូង​ គឺមានរយៈពេលបី (៣) ខែគិតចាប់ពីកាលបរិច្ឆេទស្នើសុំរបស់មន្ត្រីកាន់កាប់បញ្ជី។[12] ចំណែកឯកសារបកប្រែជាភាសាខ្មែរនៃសំណុំលិខិតស្នើសុំដំបូង ត្រូវផ្តល់ជូនមន្រ្តីកាន់កាប់។[13]  

ដំណើការនៃការចុះបញ្ជីគំនូរឧស្សាហកម្មរហូតទទួលបានវិញ្ញាបនបត្រចុះបញ្ជីមានរយៈពេលពីបួន(៤) ទៅ ប្រាំមួយ(៦) ខែ ដោយរាប់ថ្ងៃដែលសំណុំលិខិតស្នើសុំនោះត្រូវបានបំពេញត្រឹមត្រូវ។[14]  ផ្អែកតាមបទពិសោធន៍ការងារកន្លងមក រយៈពេលចុះ បញ្ជីអាចចំណាយពេលយូរជាងនេះ អាស្រ័យលើទំហំការងាររបស់មន្ត្រីកាន់កាប់បញ្ជី។ សេចក្តីសម្រេចរបស់ក្រសួងឧស្សាហ កម្ម និងសិប្បកម្ម ទាក់ទងនឹងការចុះបញ្ជីគំនូរឧស្សាហកម្ម ឬការបដិសេធសំណុំលិខិតស្នើសុំអាចប្តឹងតវ៉ាទៅតុលាការមាន សមត្ថកិច្ចក្នុងរយៈពេលបី (៣) ខែបន្ទាប់ពីកាលបរិច្ឆេទចេញសេចក្តីសម្រេចនោះ។[15]   

 

ការចុះបញ្ជីទទួលស្គាល់គំនូរឧស្សាហកម្មសិង្ហបុរីនៅកម្ពុជា                                                  

អង្គភាពកម្មសិទិ្ធបញ្ញាសិង្ហបុរី និងក្រសួងឧស្សាហកម្មនិងសិប្បកម្មកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា អនុញ្ញាត អោយមានការដាក់ពាក្យស្នើសុំគំនូរឧស្សាហកម្មប្រទេសកម្ពុជាតាមរយៈអាជ្ញាធរសិង្ហបុរី ឬក៏ដាក់ពាក្យស្នើសុំគំនូរឧស្សាហកម្ម ប្រទេសសិង្ហបុរីតាមរយៈអាជ្ញាធរកម្ពុជាបាន។ អនុស្សរណៈនៃការយោគយល់គ្នាមានសុពលភាព ៥ (ប្រាំ) ឆ្នាំ ចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៥ និងអាចត្រូវបន្តរជាថ្មីបានដោយមានការព្រមព្រៀងគ្នាពីភាគីទាំងពីរ។ បច្ចុប្បន្ន អនុស្សរណៈនៃការយោគ យល់គ្នានេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ ដោយសារតែគ្មានបទប្បញ្ញត្តិសម្រាប់អនុវត្ត ដូចនេះសំណុំលិខិតស្នើសុំទទួល ស្គាល់គំនូរឧស្សាហកម្មក៏មិនទទួលបានដែរ។

 

សិទិ្ធ  រយៈពេលការពារ  និងការចុះបញ្ជីសាឡើងវិញ

 

សិទិ្ធចំបងដែលទទួលបានពីការចុះបញ្ជីគំនូរឧស្សាហកម្ម គឺជាសិទិ្ធក្នុងការទប់ស្កាត់ហាមឃាត់បុគ្គលដ៏ទៃពីការធ្វើអាជីវកម្មលើ គំនូរឧស្សាហកម្មដែលបានចុះបញ្ជីរួច។[16] ការធ្វើអាជីវកម្ម មានន័យថា ការផលិត ការលក់ ឬការនាំចូលវត្ថុទាំងឡាយដែល បង្កើតឡើងដោយគំនូរឧស្សាហកម្មនោះ។[17] ម្ចាស់គំនូរឧស្សាហកម្មអាចប្តឹងទៅតុលាការមានសមត្ថកិច្ចចំពោះបុគ្គលណា ដែលរំលោភលើគំនូរឧស្សាហកម្មរបស់ខ្លួន​ តាមរយៈការផលិត ការលក់ ឬនាំចូលវត្ថុទាំងឡាយណាដែលបង្កើតឡើងដោយ    គំនូរឧស្សាហកម្មនោះដោយគ្មានការព្រមព្រៀង ឬការយល់ព្រម។[18] ប្រទេសកម្ពុជាគឺអនុវត្តគោលការណ៍ផុតរលត់សិទិ្ធបែប លក្ខណៈជាតិ ដូចនេះមានន័យថា រាល់ការនាំចូលទំនិញស្របគ្នា ដែលគេហៅម៉្យាងទៀត ថាជាទំនិញទីផ្សាប្រផេះនោះត្រូវ ចាត់ទុកជាការរំលោភបំពានសិទិ្ធរបស់ម្ចាស់គំនូរឧស្សាហកម្មដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា។[19]  

ការចុះបញ្ជីគំនូរឧស្សាហកម្មមានសុពលភាពប្រាំ​(៥)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ។ ការចុះបញ្ជីសា ឡើងវិញអាចធ្វើបានចំនួនពីរ(២)ដងជាប់ៗគ្នា ដែលម្តងៗមានសុពលភាពប្រាំ(៥)ឆ្នាំ សរុបសុពលភាពនៃការការពារគឺចំនួន ដប់ប្រាំ(១៥)ឆ្នាំជាមួយនិងការបង់កម្រៃបន្តសុពលភាព។[20] ពាក្យសុំចុះបញ្ជីគំនូរឧស្សាហកម្មសាឡើងវិញរួមទាំងវិញ្ញាបនបត្រ ចុះបញ្ជីគំនូរឧស្សាហកម្មត្រូវដាក់ជូនមន្ត្រីកាន់កាប់បញ្ជីក្នុងរយៈពេលប្រាំមួយ(៦) ខែ មុនការផុតកំណត់នៃការចុះបញ្ជី។[21] ក្នុង ករណីដែលពាក្យសុំចុះបញ្ជីធ្វើឡើងដោយភ្នាក់ងារតំណាង នោះលិខិតប្រគល់សិទិ្ធដែលមានបញ្ជាក់ពីមន្ទីសាការីចេញដោយ ម្ចាស់គំនូរឧស្សាហកម្មមកភ្នាក់ងារតំណាងនិងតម្រូវអោយមាន។ រយៈពេលអនុគ្រោះមានចំនួនប្រាំមួយ(៦)ខែ បន្ទាប់ពីកាល បរិច្ឆេទផុតសុពលភាពដោយមានការបង់កម្រៃបន្ថែមលើការយឺតយ៉ាវ  លើសពីនេះត្រូវចាត់ទុកថាបានបោះបង់។[22]    

  

មោឃភាព

 

បុគ្គលដែលមានការពាក់ព័ន្ធ អាចស្នើសុំទៅតុលាការមានសមត្ថកិច្ចអោយមោឃភាពនូវការចុះបញ្ជីគំនូរឧស្សាហកម្មបាន។[23]  ការស្នើសុំមោឃភាពនឹងត្រូវផ្តល់ ប្រសិនបើបុគ្គលដែលស្នើសុំនោះបង្ហាញភស្តុតាងថា កម្មវត្ថុនៃការចុះបញ្ជីគំនូរឧស្សាហកម្ម មានភាពមិនត្រឹមត្រូវ មិនបានបំពេញតាមនិយមន័យច្បាប់ គំនូរឧស្សាហកម្មនោះមិនមានភាពថ្មី អ្នកសុំចុះបញ្ជីមិនមែនជាអ្នក បង្កើតស្នាដៃ ឬមិនមែនជាអ្នកស្នងរបស់អ្នកបង្កើតស្នាដៃ ឬគំនូរឧស្សាហកម្មនោះផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ  សីលធម៌  ឬហាមឃាត់ដោយច្បាប់។[24]  គំនូរឧស្សាហកម្មដែលមោឃៈ និងអស់សុពលភាពត្រូវគិតចាប់ពីថ្ងៃចុះបញ្ជីគំនូរឧស្សាហកម្ម មក។[25] តុលាការមានសមត្ថកិច្ចត្រូវជូនដំណឹងដល់មន្រ្តីកាន់កាប់បញ្ជីដើម្បីអោយមន្រ្តីកាន់កាប់បញ្ជីកត់ត្រានិងចុះផ្សាយ។[26]  

ការប្តូរម្ចាស់កម្មសិទិ្ធ  និងកិច្ចសន្យាអាជ្ញាប័ណ្ណ

បុគ្គលដែលមានការពាក់នឹងការចុះបញ្ជី ឬសំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម អាចធ្វើការស្នើសុំទៅមន្រ្តីកាន់កាប់បញ្ជី  ចំពោះការប្តូរម្ចាស់កម្មសិទិ្ធ។ សំណើរសុំផ្លាស់ប្តូរម្ចាស់កម្មសិទិ្ធត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហើយត្រូវកត់ត្រាចូលក្នុងបញ្ជី និង  ចុះផ្សាយជាសាធារណៈដោយមន្រ្តីកាន់កាប់បញ្ជី។ ការប្តូរម្ចាស់កម្មសិទិ្ធនេះនឹងមិនមានអានុភាពចំពោះភាគីទីបីឡើយ រហូត  ដល់ការកត់ត្រាចូលក្នុងបញ្ជីត្រូវបានធ្វើរួចជាស្ថាពរ។[27] ស្រដៀងគ្នានេះដែរ កិច្ចសន្យាអាជ្ញាប័ណ្ណក៏ត្រូវកត់ត្រាចូលក្នុងបញ្ជីដែរ បើមិនដូចនោះទេ វានឹងមិនមានអានុភាពចំពោះភាគីទីបីឡើយ។[28] មន្រ្តីកាន់កាប់បញ្ជីនឹងរក្សាការសម្ងាត់ដែលមាននៅក្នុង កិច្ចសន្យាអាជ្ញាប័ណ្ណនោះ។ សំណុំលិខិតស្នើសុំប្តូរម្ចាស់កម្មសិទិ្ធ  ឬកត់ត្រាកិច្ចសន្យាអាជ្ញាប័ណ្ណត្រូវតែមានការបង់កម្រៃសេវា។ 

 

ការរំលោភបំពាន  ដំណោះស្រាយ  និងទោសប្បញ្ញត្តិ

 

ម្ចាស់គំនូរឧស្សាហកម្មដែលបានចុះបញ្ជីរួចនិងទទួលបានសិទិ្ធផ្តាច់មុខ ដើម្បីទប់ស្កាត់ហាមឃាត់បុគ្គលដ៏ទៃពីការផលិត ការ លក់ ឬការនាំចូលវត្ថុទាំងឡាយដែលបង្កើតឡើងដោយគំនូរឧស្សាហកម្មនោះ។  ការរំលោភនូវគំនូរឧស្សាហកម្មកើតឡើងនៅ ពេលដែលគំនូរឧស្សាហកម្មដែលបានចុះបញ្ជីត្រូវបានធ្វើអាជីវកម្មដោយបុគ្គលដ៏ទៃ និងដោយគ្មានការព្រមព្រៀងពីម្ចាស់ដែល បានទទួលសិទិ្ធការពារ។[29] តាមបណ្តឹងរបស់ម្ចាស់ដែលបានទទួលសិទិ្ធការពារ តុលាការមានសមត្ថកិច្ចត្រូវចេញសេចក្តី សម្រេចបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរំលោភ ឬការរំលោភដែលបម្រុងនឹងកើតឡើង សម្រេចអោយសងការខូចខាត និង ផ្តល់ដំណោះស្រាយផ្សេងៗដែលមានចែងក្នុងច្បាប់ផ្សេងទៀតជាធរមាន។[30] អ្នកទទួលអាជ្ញាប័ណ្ណ ដែលកិច្ចសន្យាអាជ្ញាប័ណ្ណ បានកត់ត្រាចូលក្នុងបញ្ជីក៏អាចស្នើសុំទៅតុលាការមានសមត្ថកិច្ចដើម្បីដោះស្រាយភ្លាមៗបានដែរ ប្រសិនបើម្ចាស់សិទិ្ធបាន បដិសេធ ឬខកខានមិនបានធ្វើតាមសំណើរ។[31]

ទោសព្រហ្មទណ្ឌចំពោះការរំលោភបំពាន គឺត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំ(៥)លានរៀល ទៅម្ភៃ(២០)លានរៀល (ប្រហាក់ ប្រហែល១.២៥០ដុល្លាអាមេរិក ដល់៥.០០០ដុល្លាអាមេរិក) ផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅប្រាំ(៥)ឆ្នាំ ឬត្រូវផ្តន្ទា ទោសទាំងពីរ។ ក្នុងករណីមិនរាងចាលក្នុងរយៈពេលប្រាំ(៥)ឆ្នាំ គិតចាប់ពីពេលផ្តន្ទាទោសលើកមុន ត្រូវផ្តន្ទាទោសទ្វេដង។[32]

ម្ចាស់ ឬភ្នាក់ងារតំណាងដែលផ្តល់ពត៌មានមិនពិតក្នុងពាក្យស្នើសុំ និងឯកសារផ្សេងៗសម្រាប់ការស្នើសុំចុះបញ្ជីគំនូរឧស្សាហ កម្មដែលបានដាក់ជូនមន្រ្តីកាន់កាប់បញ្ជីត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និង/ឬ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។[33]  

 

[1] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៨៩

[2] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៩០

[3] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៩១ & ៩២

[4] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៩២

[5] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ៩៣

[6] ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ៧

[7] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១០១

[8] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១១៦

[9] ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១៨

[10] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១០០ និង ២៧

[11] អនុសញ្ញាទីក្រុងប៉ារីស មាត្រា ៤

[12] ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១១

[13] ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១១

[14] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១០៣

[15] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១២៤

[16] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១០៥

[17] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១០៦

[18] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១០៨

[19] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១០៧

[20] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១០៩

[21] ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១៦

[22] ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១៦

[23] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១១០

[24] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១១១

[25] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១១២

[26] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១១៣

[27] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១១៤

[28] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១១៥

[29] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១២៥

[30] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១២៦

[31] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១២៦

[32] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១៣៣

[33] ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម  វិញ្ញាបនបត្រម៉ូដែលមាន  អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  មាត្រា ១៣២

bottom of page