top of page

ម៉ាក

ប្រវត្តិសង្ខេប

 

ម៉ាក និងទម្រង់កម្មសិទិ្ធបញ្ញាផ្សេងៗត្រូវការពារដោយច្បាប់ក្នុងសម័យអាណានិគមនិយមបារាំង និងក្រោយពេលដែលព្រះរា ជាណាចក្រកម្ពុជាទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៥៣។ តែក្រោយមកប្រព័ន្ធរដ្ឋបាល និងច្បាប់ទាំងអស់ត្រូវបានបំផ្លាញទាំង ស្រុងក្នុងទសវត្សឆ្នាំ១៩៧៥។ បច្ចុប្បន្ន ច្បាប់ស្តីពីម៉ាក និងប្រព័ន្ធរដ្ឋបាលមានឫសគល់ក្នុងទសវត្សឆ្នាំ១៩៩០ ជាមួយនិងកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលបានបញ្ជប់សង្រ្គាមស៊ីវិលនេះនៅកម្ពុជា។

ឆ្នាំ១៩៩១ ការិយាល័យពាណិជ្ជសញ្ញា និងទំនាក់ទំនងក្រៅប្រទេសត្រូវបានបង្កើតឡើងដោយសិ្ថតនៅក្រោមនាយកដ្ឋាន ពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្ម  ហើយបានចាប់ផ្តើមទទួលនិងធ្វើការចុះបញ្ជីម៉ាកអន្តរជាតិជាច្រើន។ ពេលនោះ ពាក្យស្នើសុំចុះបញ្ជីម៉ាកបរទេសត្រូវបានដាក់នៅ និងទទួលចុះបញ្ជីដោយការិយាល័យពាណិជ្ជសញ្ញា ដែលស្ថិតក្រោមនាយក ដ្ឋានពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្ម ចំណែកពាក្យស្នើសុំចុះបញ្ជីម៉ាកក្នុងស្រុកវិញត្រូវបានដាក់នៅនិងទទួលចុះ បញ្ជីដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយសារការខ្វះខាតច្បាប់ និងបទបញ្ញត្តិក្នុងការអនុវត្ត។

ឆ្នាំ១៩៩៧ ដើម្បីជំនួសរចនាសម្ព័ន្ធចាស់ៗពីមុន នាយកដ្ឋានកម្មសិទិ្ធបញ្ញាក៏ត្រូវបានបង្កើតឡើងដោយសិ្ថតនៅក្រោមការ គ្រប់គ្រងរបស់អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម។ ពីរឆ្នាំក្រោយមក គណៈកម្មាធិការគ្រប់គ្រងសិទិ្ធ ទាំងបីនៃកម្មសិទិ្ធបញ្ញាក៏បានបង្កើតឡើងដើម្បីធ្វើការរៀបចំច្បាប់ និងបទបញ្ញត្តិនានាក្នុងការចូលជាសមាជិកនៃអង្គការពាណិជ្ជ កម្មពិភពលោក។

បន្ទាប់មក ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវបានប្រកាសអោយប្រើនៅថ្ងៃទី ០៧ ខែកុម្ភះ ឆ្នាំ២០០២ និង អនុក្រឹតស្តីពីការអនុវត្តច្បាប់នេះនៅក្នុងឆ្នាំ២០០៦។

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបានចេញប្រកាសជាច្រើន ដើម្បីធ្វើអោយប្រសើរឡើងទាំងការចុះ បញ្ជីម៉ាក  និងការអនុវត្ត។ ប្រកាសទាំងនោះរួមមាន ប្រកាសស្តីពីនីតិវិធីនៃការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិច ត្រូនិច ប្រកាសស្តីពីនីតិវិធីចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ ប្រកាសស្តីពីនីតិវិធីចុះបញ្ជី និងកិច្ចការពារម៉ាកវិញ្ញាតកម្ម និង ប្រកាសស្តីពីនីតិវិធីចុះបញ្ជីសិទិ្ធនាំចូលផ្តាច់មុខ។

 

និយមន័យម៉ាក 

 

យោងតាមច្បាប់ស្តីពីម៉ាកនៃព្រះរាជាណាចក្រកម្ពុជា "ម៉ាក" គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុស គ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។[1] សញ្ញាទាំងនោះអាចជា ពាក្យ ឈ្មោះ អក្សរ លេខ រូបសញ្ញា (logo) និមិត្តសញ្ញា ស្លាកសញ្ញា ហត្ថលេខា ពាក្យស្លោក ​ ពណ៌ (បង្គុំនៃពណ៌) រូបរាង សញ្ញាដែលមើលឆ្លុះបីជ្រុង (three-dimensional) និងសញ្ញាដែលមានពន្លឺ (holograms)។ រូបរាងនៃផលិតផល និងប្រអប់វេចខ្ចប់ក៏ត្រូវបានទទួលចុះបញ្ជីផងដែរ។ ប៉ុន្តែ ម៉ាកសញ្ញាដែលមិនមានលក្ខណៈសាមញ្ញ (non-traditional mark) ម៉ាកដែលមើលមិនឃើញ (non-visible)  មានដូចជា សម្លេង ក្លិន កាយវិការ និងចលនា មិនអាចធ្វើការចុះបញ្ជីបានទេ។ ម៉ាកដែលបង្កើតឡើងដោយពណ៌ ត្រូវមានពណ៌យ៉ាងតិច ចំនួនពីរ មិនមែនពណ៌តែមួយនោះទេ។

ម៉ាកសមូហភាព គឺជាម៉ាកដែលគ្រប់គ្រងដោយអង្គការសមាគម ហើយសមាជិកទាំងអស់របស់អង្គការសមាគមនោះអាច ប្រើប្រាស់ម៉ាកសមូហភាពដើម្បីសំគាល់នូវគុណភាពនៃទំនិញ ឬប្រភពដើមនៃទំនិញ ឬសំគាល់នូវចរិតលក្ខណៈរួមដទៃទៀត ដែលកំណត់ដោយអង្គការសមាគម។ "ម៉ាកសមូហភាព" អាចជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈ ខុសគ្នានៃប្រភពដើមនៃទំនិញ ឬចរិតលក្ខណៈរួមដទៃទៀត ទាំងគុណភាពនៃទំនិញ ឬគុណភាពនៃសេវារបស់សហគ្រាសដ៏ទៃ ផ្សេងៗគ្នា ដែលប្រាស់សញ្ញាសមូហភាពនោះ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។[2]

 

ពាណិជ្ជនាម

 

តាមច្បាប់ស្តីពីម៉ាក "ពាណិជ្ជនាម" សំដៅទៅលើឈ្មោះអាជីវកម្ម ឬឈ្មោះក្រុមហ៊ុន ដែលនាម និងឬសញ្ញាសំគាល់នោះ បញ្ជាក់ និងសំគាល់លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។[3]  រាល់សារជាតិ និងការប្រើប្រាស់ពាណិជ្ជនាមដែលប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌ ឬបំភ័ន្តដល់មជ្ឈដ្ឋានពាណិជ្ជកម្មត្រូវបានហាមឃាត់។[4] ពាណិជ្ជនាមត្រូវបានការ ពារទោះមិនបានចុះបញ្ជីក៏ដោយដើម្បីប្រឆាំងនឹងទង្វើមិនស្របច្បាប់របស់ភាគីទីបីដែរ។[5] ការប្រើប្រាស់ពាណិជ្ជនាមឬនាមដែល ប្រហាក់ប្រហែលជាបន្តបន្ទាប់ដោយភាគីទីបី  ដែលការប្រើប្រាស់នោះនាំអោយសាធារណជនភាន់ច្រឡំត្រូវបានហាមឃាត់។

 

បែបបទនៃការដាក់ពាក្យស្នើសុំ

 

ម៉ាកទាំងអស់ត្រូវបានធ្វើឡើង និងចុះបញ្ជីដោយនាយកដ្ឋានកម្មសិទិ្ធ បញ្ញានៃក្រសួងពាណិជ្ជកម្ម។  នាយកដ្ឋានកម្មសិទិ្ធបញ្ញា ទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកមួយ ដែលមានច្រើនជំពូក ក៏ប៉ុន្តែកម្រៃសេវាសាធារណៈក្នុងការដាក់ពាក្យស្នើសុំត្រូវបង់សម្រាប់ ជំពូកនីមួយៗ។ ពាក្យស្នើសុំចុះបញ្ជីម៉ាកបរទេសត្រូវតំណាងដោយភ្នាក់ងារស្របច្បាប់នៃម្ចាស់ម៉ាកដែលមានទីលំនៅ និងកំពុង ប្រកបវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។[6] អ្នកស្នើសុំចុះបញ្ជីម៉ាកដែលមានអាសយដ្ឋាននៅក្នុងប្រទេស មិនថាជារូបបវន្ត បុគ្គល ឬនីតិបុគ្គល អាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកដោយខ្លួនឯងផ្ទាល់  ឬក៏ចាត់តាំងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ ម៉ាកដើម្បីដាក់ពាក្យជំនួសក៏បាន។  ក្នុងករណីដែលភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកត្រូវបានចាត់តាំង លិខិតប្រគល់ សិទិ្ធដែលចាត់តាំងភ្នាក់ងារតំណាងគឺតម្រូវអោយមាន ហើយបញ្ជាក់អំពីភាពស្របច្បាប់ពីសាការីសាធារណៈ ឬក៏ពីមេធាវី។ លិខិតប្រគល់សិទិ្ធនោះអាចភ្ជាប់ជាមួយនឹងពាក្យស្នើសុំចុះបញ្ជី ឬផ្តល់ជូននាយកដ្ឋានកម្មសិទិ្ធបញ្ញា ក្នុងរយៈពេល០២ (ពីរ)ខែ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំ។[7]

ប្រទេសកម្ពុជាអនុវត្តតាមចំណាត់អន្តរជាតិ ស្តីពីទំនិញនិងសេវាកម្ម និងចំណាត់ថ្នាក់អន្តរជាតិនៃធាតុជារូបភាពសម្រាប់គោល បំណងក្នុងការចុះបញ្ជីម៉ាក ទោះបីជាប្រទេសកម្ពុជាមិនមែនជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងនីស(Nice Agreement) និងកិច្ចព្រមព្រៀងទីក្រុងវីយែន (Vienna Agreement) ក៏ដោយ។ ទំនិញ ឬសេវាដែលស្ថិតនៅជំពូកដើម (Class Headings) មិនត្រូវបានទទួលចុះបញ្ជីឡើយ លើកលែងតែសារធាតុនៃទំនិញ និងសេវាកម្មទាំងនោះមានភាពច្បាស់លាស់។ ម៉ាកដែល មានលក្ខណៈជារូបភាព ឬបញ្ចូលជាមួយរូបភាព ម៉ាកទាំងនោះត្រូវធ្វើការពិពណ៌នាដោយប្រើប្រាស់ចំណាត់ថ្នាក់នៃធាតុជា រូបភាពនៃម៉ាក (Vienna Classification) ។ ស្រដៀងគ្នានេះដែរ ម៉ាកមានអក្សរក្រៅពីភាសាអង់គ្លេស  ឬបញ្ចូលជាមួយអក្សរ ក្រៅពីភាសាអង់គ្លេស អ្នកស្នើសុំត្រូវផ្តល់នូវសម្លេងអាន  និងការបកប្រែអត្ថន័យរបស់ពាក្យទាំងនោះ។

ពាក្យស្នើសុំចុះបញ្ជីម៉ាក  ដែលទាមទារនៃកាលបរិច្ឆេទអាទិភាពក្រោមអនុសញ្ញាទីក្រុងប៉ារីស (Paris Convention) ត្រូវធ្វើ ឡើងក្នុងរយៈពេល ០៦ (ប្រាំមួយ)ខែ គិតចាប់ពីកាលបរិច្ឆេទដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកលើកដំបូង។ ពាក្យស្នើសុំ ចុះបញ្ជីម៉ាកនោះត្រូវមានបញ្ជាក់អំពីឈ្មោះការិយាល័យ កាលបរិច្ឆេទ លេខដាក់ពាក្យ និងឈ្មោះប្រទេសដែលពាក្យស្នើសុំនោះ បានដាក់លើកដំបូង។  ច្បាប់ចម្លងនៃពាក្យស្នើសុំចុះបញ្ជីម៉ាកលើកដំបូងដែលមានបញ្ជាក់ភាពស្របច្បាប់ និងត្រូវដាក់ជូនមន្រ្តី កាន់កាប់បញ្ជីក្នុងរយៈពេល ០៣ (បី)ខែ គិតចាប់ពីកាលបរិច្ឆេទនៃការទាមទាររបស់មន្រ្តីកាន់កាប់បញ្ជី។[8]

ល័ក្ខខ័ណ្ឌអប្បបរមាក្នុងការដាក់ពាក្យចុះបញ្ជីម៉ាកមានដូចជា៖[9]

  • ឈ្មោះរបស់អ្នកដាក់ពាក្យស្នើសុំ

  • អាសយដ្ឋានរបស់អ្នកដាក់ពាក្យស្នើសុំ

  • គំរូម៉ាកចំនួន ១៥ (ដប់ប្រាំ) សំរាប់ជំពូកនីមួយៗ

  •  ចំណាត់ថ្នាក់អន្តរជាតិ និងយថាប្រភេទរបស់ទំនិញ ឬសេវា

  • កម្រៃសេវាសាធារណៈ ១០៥ ដុល្លាអាមេរិក ក្នុងមួយជំពូក

 

ជាមួយព័ត៌មានខាងលើ មន្រ្តីកាន់កាប់បញ្ជីនឹងចេញលិខិតទទួលស្គាល់ការដាក់ពាក្យជូនដល់អ្នកដាក់ពាក្យស្នើសុំ ហើយនិង បោះពុម្ពផ្សាយព័ត៌ មានទាំងនោះតាមប្រព័ន្ធទិន្នន័យ របស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា និងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក។ ព័ត៌មាន និងឯកសារបន្ថែមទៀតអាចដាក់ជូនមន្រ្តីកាន់កាប់បញ្ជីនៅពេលក្រោយ។  បច្ចុប្បន្ន ដំណើរការនៃការចុះបញ្ជីម៉ាកនៅ ក្នុងប្រទេសកម្ពុជាត្រូវចំណាយពេលពី ០៩(ប្រាំបួន)ខែ ទៅ០១(មួយ)ឆ្នាំ ហើយក៏អាចចំណាយពេលយូរជាងនេះអាស្រ័យលើ ចរិកលក្ខណៈរបស់ម៉ាកដែលបានស្នើសុំ អ្នកដាក់ពាក្យស្នើសុំ និងមន្រ្តីកាន់កាប់បញ្ជី។ បើសិនអ្នកដាក់ពាក្យស្នើសុំចុះបញ្ជី ម៉ាកយល់ឃើញ ថាអាចនិងធ្វើអោយខូតខាតប្រយោជន៍ធ្ងន់ធ្ងរ ដែលអាចកើតឡើងនៅចន្លោះពីថ្ងៃដាក់ពាក្យ និងថ្ងៃចុះបញ្ជី ពួកគាត់អាចស្នើសុំពន្លឿននីតិវិធីត្រួតពិនិត្យលំអិតជាលាយលក្ខណ៍អក្សរដោយភ្ជាប់ជាមួយសេចក្តីសំអាងការ។

នៅពេលដែលពាក្យស្នើសុំចុះបញ្ជីម៉ាកស្រមតាមលក្ខខណ្ឌច្បាប់ស្តីពីម៉ាក នាយកដ្ឋានកម្មសិទិ្ធបញ្ញា និងធ្វើការចេញនូវលិខិត ទទួលចុះបញ្ជី ហើយវិញ្ញាបនបត្រចុះបញ្ជីម៉ាកក៏និងត្រូវផ្តល់ជូនបន្ទាប់ពីកម្រៃចុះបញ្ជីត្រូវបានបង់។

 

ការចុះបញ្ជីម៉ាកតាមរយៈប្រព័ន្ធម៉ាឌ្រីដ

 

ប្រទេសកម្ពុជាបានក្លាយសមាជិកពិធីសារទីក្រុងម៉ាឌ្រីដ សម្រាប់ការចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥។  ប្រព័ន្ធម៉ាឌ្រីដនេះ  គឺសម្រួលដល់ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកបានជាច្រើនប្រទេសនៅជុំវិញពិភពលោក។  ជាជាងការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកនៅប្រទេសនីមួយៗ ម្ចាស់ម៉ាកអាចដាក់ពាក្យស្នើសុំតែមួយ ហើយជ្រើសរើសប្រទេស ដែលខ្លួនចង់បានការការពារ ដាក់ជូនការិយាល័យកម្មសិទិ្ធបញ្ញាជាតិរបស់ខ្លួនឬការិយាល័យកម្មសិទិ្ធបញ្ញាថ្នាក់តំបន់។ ប្រព័ន្ធ នេះធ្វើអោយមានភាពងាយស្រួល និងកាត់បន្ថយចំណាយបានជាង១១០ប្រទេស ដែលជាសមាជិករបស់ប្រព័ន្ធម៉ាឌ្រីដនេះ។ ក្រោយពីបានចូលរួមពិធិសារទីក្រុងម៉ាឌ្រីដ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តប្រកាសស្តីពីនីតិវិធីចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរ ជាតិនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។  ដោយប្រកាសនេះបានចែងអំពីនីតិវិធី  និងឯកសារតម្រូវ ដែលប្រទេសកម្ពុជាជា ការិយាល័យដើម  ឬជាការិយាល័យដែលត្រូវបានជ្រើសរើសដោយភាគីនៃកិច្ចសន្យាទីក្រុងម៉ាឌ្រីដ។  

 

ប្រព័ន្ធទិន្នន័យម៉ាក នឹងស្រាវជ្រាវម៉ាក

 

ប្រព័ន្ធទិន្នន័យសម្រាប់ម៉ាកដែលបានចុះបញ្ជី និងពាក្យស្នើសុំចុះបញ្ជីម៉ាកមានលក្ខណៈពេញលេញ ដែលជាផ្នែកមួយនៃប្រព័ន្ធ ទិន្នន័យម៉ាកសកលហើយត្រូវបានថែរក្សាដោយអង្គភាពកម្មសិទិ្ធបញ្ញាពិភពលោក  ដែលអាចស្វែងរកបានតាមរយៈគេហទំព័រ របស់អង្គភាពកម្មសិទិ្ធបញ្ញាពិភពលោ[10] ឬគេហទំព័ររបស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា។[11] បន្ថែមលើនេះ ASEAN​ TMview[12] គឺជាកម្មវិធីពត៌មានម៉ាកអនឡាញរួមមួយរបស់រដ្ឋដែលជាសមាជិកអាស៊ាន ដែលជាទិន្នន័យចម្លង និងត្រូវបានធ្វើបច្ចុប្បន្នភាព រៀងរាល់មួយសប្តាហ៍ម្តង។  

ការស្រាវជ្រាវរកម៉ាកដែលអាចចុះបញ្ជីបាន ឬម៉ាកប្រហាក់ប្រហែល អាចធ្វើស្នើសុំបានដោយជនពាក់ព័ន្ធ ដោយភ្ជាប់ជាមួយ និងពាក្យស្នើសុំ និងបញ្ជាក់ឈ្មោះម៉ាក និងជំពូកដែលត្រូវធ្វើការស្វែងរក ព្រមទាំងបង់កម្រៃទៅកាន់នាយកដ្ឋានកម្មសិទិ្ធបញ្ញា។  របាយការណ៍លទ្ធផលស្រាវជ្រាវរកម៉ាកដែលអាចចុះបញ្ជី និងបង្ហាញថាម៉ាកដែលបានស្រាវជ្រាវរកនោះអាចយកមកចុះបញ្ជី បាន ឬមិនបានខណៈដែលរបាយការណ៍លទ្ធផលស្រាវជ្រាវរកម៉ាកប្រហាក់ប្រហែល និងបង្ហាញថាម៉ាកដែលបានស្រាវជ្រាវ រកនោះមានលក្ខណៈដូច ឬប្រហាក់ប្រហែលទៅហ្នឹងម៉ាកដែលបានចុះបញ្ជីដែរឬទេ។    

 

ការហាមឃាត់ក្នុងការចុះបញ្ជី

ម៉ាកដែលមិនអាចចុះបញ្ជីបានមានដូចតទៅ៖[13]

  • ម៉ាកដែលមិនអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ  ឬសេវារបស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត

  • ម៉ាកដែលបណ្តាលអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ  សីលធម៌  ឬប្រពៃណីល្អរបស់ជាតិ

  • ម៉ាកដែលអាចនាំអោយសាធារណជន ឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្រ្តនៃទំនិញ ឬ សេវាពាក់ព័ន្ធ  ឬធាតុដើម ឬលក្ខណៈខាងក្រៅរបស់ទំនិញ ឬសេវានោះ  

  • ម៉ាកដែលដូចគ្នា និង/ឬត្រាប់តាម  ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ  លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋ នោះ  ឬអង្គការនោះ

  • ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំអោយច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជា ណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះសម្រាប់ទំនិញ ឬសេវាដូចគ្នា  ឬប្រហាក់ ប្រហែលគ្នានៃសហគ្រាសមួយទៀត

  • ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំអោយច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បី ឬបង្កើតពីការ បកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ​  ហើយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ទំនិញ ឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះធ្វើអោយខូចប្រយោជន៍របស់ម្ចាស់ នៃម៉ាកល្បី

  • ម៉ាកដែលដូចគ្នា  ឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទិ្ធរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន  ឬបានទទួលអាទិភាពចុះបញ្ជីមុននៅឯបរទេស ចំពោះទំនិញឬសេវាដូចគ្នា  ឬ ទំនិញឬសេវាដែលពាក់ព័ន្ធយ៉ាងជិតស្និទិ្

 

ក្នុងករណីដែលពាក្យស្នើសុំចុះបញ្ជីម៉ាក មិនស្របតាមចំណុចណាមួយខាងលើនេះ  នាយកដ្ឋានកម្មសិទិ្ធបញ្ញានឹងចេញលិខិត បដិសេដជាបឋមក្នុងការចុះបញ្ជីម៉ាកជូនដល់អ្នកស្នើសុំ។  អ្នកដាក់ពាក្យស្នើសុំ ឬតំណាងស្របច្បាប់របស់ម្ចាស់ម៉ាកត្រូវឆ្លើយ តបមកនាយកដ្ឋានកម្មសិទិ្ធបញ្ញាក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ។  រយៈពេល៤៥ (សែសិបប្រាំ) ថ្ងៃបន្ថែមទៀតនិង ត្រូវផ្តល់ជូនតាមការស្នើសុំពន្យាពេល។ ប្រសិនបើនាយកដ្ឋានកម្មសិទិ្ធបញ្ញាមិនបានទទួលលិខិតឆ្លើយតបក្នុងរយៈដែលបាន ផ្តល់ជូនខាងលើ ពាក្យស្នើសុំចុះបញ្ជីម៉ាកនិងអស់សុពលភាព ហើយកម្រៃសេវាសាធារណៈនិងមិនត្រូវបានបង្វិលជូនវិញ ឡើយ។

ការរក្សាសុពលភាពនៃម៉ាក

 

ដើម្បីរក្សាសុពលភាពនៃការចុះបញ្ជីម៉ាក  ឬការចុះបញ្ជីម៉ាកសាឡើងវិញ  ការស្នើសុំបញ្ជាក់អំពីប្រើប្រាស់ ឬមិនបានប្រើប្រាស់ ម៉ាកត្រូវដាក់ជូននាយដ្ឋានកម្មសិទិ្ធបញ្ញាក្នុងរយៈពេល ០១ (មួយ)ឆ្នាំ បន្ទាប់ពីខួបលើកទី ០៥ (ប្រាំ)នៃកាលបរិច្ឆេទចុះបញ្ជី ម៉ាក ឬកាលបរិច្ឆេទចុះបញ្ជីម៉ាកសារឡើងវិញ ក្នុងករណីម៉ាកនោះត្រូវបានចុះបញ្ជីសារជាថ្មីរួចហើយ។[14] មន្រ្តីកាន់កាប់បញ្ជី នឹង​លុបម៉ាកដែលបានចុះបញ្ជីរួច ក្នុងករណីដែលដែលម្ចាស់ម៉ាក  ឬភ្នាក់ងារតំណាងនៃម្ចាស់ម៉ាកខកខានមិនបានអនុវត្តតាម បទបញ្ញត្តិនេះ។[15]

នៅក្នុងការអនុវត្តនាពេលបច្ចុប្បន្ន មន្រ្តីកាន់កាប់បញ្ជីកម្រលុបម៉ាកចេញពីបញ្ជីណាស់ ប៉ុន្តែការខកខានមិនបានបញ្ជាក់អំពី ការប្រើប្រាស់  ឬមិនប្រើប្រាស់នេះ អាចជាមូលដ្ឋានមួយសម្រាប់ភាគីទីបីក្នុងការស្នើសុំលុបម៉ាកចេញពីបញ្ជីបាន។

តម្រូវការអប្បបរមាក្នុងការដាក់ពាក្យស្នើសុំបញ្ជាក់អំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់ម៉ាក ត្រូវមានវិញ្ញាបនបត្រចុះបញ្ជី ម៉ាកច្បាប់ដើម  /វិញ្ញាបនបត្រចុះបញ្ជីម៉ាកទុតិយតា និងទម្រង់សេចក្តីប្រកាសអំពីការប្រើប្រាស់  ឬមិនបានប្រើប្រាស់ដែលចុះ ហត្ថលេខាដោយម្ចាស់ម៉ាក។ មានតែវិញ្ញាបនបត្រចុះបញ្ជីម៉ាក / វិញ្ញាបនបត្រចុះបញ្ជីម៉ាកទុតិយតា ដែលចេញដោយនាយក ដ្ឋានកម្មសិទិ្ធបញ្ញាតែប៉ុណ្ណោះដែលអាចយកជាការបាន។ នីតិវិធីក្នុងការកត់ត្រាការប្រើប្រើម៉ាក ឬមិនបានប្រើប្រាស់ម៉ាក ត្រូវ ចំណាយពេលពី០៤ (បួន) ទៅ ០៥ (ប្រាំ)ខែ។  វិញ្ញាបនបត្រចុះបញ្ជីម៉ាកមានសុពលភាពរយៈពេល១០ (ដប់)ឆ្នាំ គិតចាប់ពី កាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី និងអាចចុះបញ្ជីសាជាថ្មីជាបន្តបន្ទាប់ក្នុងរយៈពេល១០ (ដប់)ឆ្នាំម្តង។[16] ពាក្យ ស្នើសុំចុះបញ្ជីម៉ាកសាជាថ្មីអាចធ្វើឡើងក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែ មុនពេលផុតសុពលភាពនៃការចុះបញ្ជីម៉ាក។[17] ប្រសិនបើម្ចាស់ម៉ាក ឬភ្នាក់ងារតំណាងនៃម្ចាស់ម៉ាកមិនបានដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសាជាថ្មីក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែមុនពេលផុតសុពលភាពនៃការចុះបញ្ជីម៉ាកនោះទេ ពាក្យស្នើសុំនោះអាចធ្វើឡើងក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែបន្ទាប់ពី ផុតសុពលភាពនៃការចុះបញ្ជីម៉ាក ដែលជារយៈពេលអនុគ្រោះ។ ការចុះបញ្ជីម៉ាកសាជាថ្មីនិងមិនត្រូវផ្តល់ជូនឡើយប្រសិនបើ ម្ចាស់ម៉ាក ឬអ្នកតំណាងស្របច្បាប់នៃម្ចាស់ម៉ាកមិនទាន់បានដាក់ពាក្យស្នើសុំបញ្ជាក់អំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើ ប្រាស់ម៉ាកក្នុងអំឡុងឆ្នាំទី០៦​ (ប្រាំមួយ) ។  ដូចឆ្នេះ ក្នុងករណីនេះម្ចាស់ម៉ាក ឬតំណាងស្របច្បាប់នៃម្ចាស់ម៉ាកអាចដាក់ពាក្យ ស្នើសុំបញ្ជាក់អំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់នៅមុនការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសាជាថ្មី  ឬជាមួយពាក្យស្នើ សុំចុះបញ្ជីម៉ាកសាជាថ្មីបាន។ 

រាល់ការផ្លាស់ប្តូរនានាលើពាក្យស្នើសុំចុះបញ្ជីម៉ាក ឬលើវិញ្ញាបនបត្រចុះបញ្ជីម៉ាក ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរទៅនាយក ដ្ឋានកម្មសិទិ្ធបញ្ញា។ នៅពេលដែលសំណើរសុំផ្លាស់ប្តូរ និងឯកសារគាំទ្រអំពីការផ្លាស់ប្តូរនោះមានភាពត្រឹមត្រូវ មន្រ្តីកាន់កាប់ បញ្ជីនឹងកែតម្រូវពាក្យស្នើសុំចុះបញ្ជីម៉ាក ឬកត់ត្រាក្នុងវិញ្ញាបនបត្រចុះបញ្ជីម៉ាក នឹងចេញវិញ្ញាបនបត្រកត់ត្រាអំពីការផ្លាស់ប្តូរ នេះជូនអ្នកស្នើសុំ។  រាល់ការផ្លាស់ប្តូរនឹងត្រូវបោះពុម្ពផ្សាយនៅក្នុងប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា  និងអង្គការ កម្មសិទិ្ធបញ្ញាពិភពលោក។ ការផ្លាស់ប្តូរនេះនឹងមិនមានអានុភាពចំពោះភាគីទីបីឡើយ  រហូតដល់ការចុះបញ្ជីត្រូវបានធ្វើរួចជា ស្ថាពរ។     

 

ការកត់ត្រាកិច្ចសន្យាអាជ្ញាប័ណ្ណ ឬកិច្ចសន្យាអាជ្ញាប័ណ្ណពិសេស

 

កិច្ចសន្យាអាជ្ញាប័ណ្ណ  និងកិច្ចសន្យាអាជ្ញាប័ណ្ណពិសេសដែលពាក់ព័ន្ធនិងម៉ាកដែលបានចុះបញ្ជីរួចហើយ អាចចុះបញ្ជីនឹងកត់ ត្រាអាជ្ញាប័ណ្ណនៅនាយកដ្ឋានកម្មសិទិ្ធបញ្ញាបាន។ កិច្ចសន្យាអាជ្ញាប័ណ្ណចំពោះពាក្យស្នើសុំចុះបញ្ជីម៉ាកមិនត្រូវបានកត់ត្រា ឡើយ។ កិច្ចសន្យាអាជ្ញាប័ណ្ណត្រូវចែងអំពីការត្រួតពិនិត្យដោយមានប្រសិទិ្ធភាពពីសំណាក់អ្នកប្រគល់អាជ្ញាប័ណ្ណ ចំពោះគុណ ភាពទំនិញ ឬសេវារបស់អ្នកទទួលអាជ្ញាប័ណ្ណ។ ប្រសិនបើកិច្ចសន្យាអាជ្ញាប័ណ្ណមិនបានចែងអំពីការត្រួតពិនិត្យគុណភាពនោះ ឬការត្រួតពិនិត្យគុណភាពមិនត្រូវបានអនុវត្តអោយមានប្រសិទិ្ធភាព កិច្ចសន្យាអាជ្ញាប័ណ្ណនោះនិងត្រូវចាត់ទុកជាមិនបានការ ។[18] កិច្ចសន្យាអាជ្ញាប័ណ្ណម៉ាកសមូហភាពមិនត្រូវបានអនុញ្ញាតឡើយ។ ​

កិច្ចសន្យាអាជ្ញាប័ណ្ណ និងកិច្ចសន្យាអាជ្ញាប័ណ្ណពិសេសត្រូវចុះបញ្ជី នឹងកត់ត្រាដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញា។  ខ្លឹមសានៃ កិច្ចសន្យានោះនឹងត្រូវរក្សាការសម្ងាត់ ប៉ុន្តែឈ្មោះរបស់ភាគីទាំងពីរ និងព័ត៌មានលំអិតអំពីម៉ាកនឹងត្រូវចុះផ្សាយ។ កិច្ចសន្យា អាជ្ញាប័ណ្ណដែលមិនបានធ្វើការចុះបញ្ជី នឹងកត់ត្រានិងមិនមានអានុភាពចំពោះភាគីទីបីឡើយ។[19] កិច្ចសន្យាអាជ្ញាប័ណ្ណជា ភាសាអង់គ្លេស ត្រូវធ្វើការបកប្រែជាភាសាខ្មែរ និងមានបញ្ជាក់ពីភាពត្រឹមត្រូវដោយភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក  ឬ អង្គភាពវិជ្ជាជីវៈបកប្រែដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម។[20]

អ្នកទទួលអជ្ញាប័ណ្ណដែលបានកត់ត្រាត្រឹមត្រូវអាចអនុវត្តសិទិ្ធរបសើខ្លួនបានតាមរយៈចុះបញ្ជីកត់ត្រា ក្រោយពេលដែលខ្លួនបាន ស្នើសុំទៅម្ចាស់ម៉ាកអោយអនុវត្ត  ប៉ុន្តែម្ចាស់ម៉ាកបានបដិសេធ  ឬខកខានមិនបានធ្វើ។[21]

 

ការកត់ត្រាសិទិ្ធផ្តាច់មុខ

 

នីតិវិធីកត់ត្រា និងទទួលស្គាល់សិទិ្ធផ្តាច់មុខ មានលក្ខណៈស្រដៀងទៅនឹងការកត់ត្រាកិច្ចសន្យាអាជ្ញាប័ណ្ណ និងកិច្ចសន្យា អាជ្ញាប័ណ្ណពិសេស។ អ្នកទទួលប្រយោជន៍គឺត្រូវតែជានីតិបុគ្គលដែលចុះកិច្ចសន្យា ឬកិច្ចព្រមព្រៀងសិទិ្ធផ្តាច់មុខជាមួយ និងម្ចាស់ម៉ាកដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា។ កិច្ចសន្យា ឬកិច្ចព្រមព្រៀងសិទិ្ធផ្តាច់មុខ ត្រូវមានបញ្ជាក់ភាពស្របច្បាប់ ដោយសាការីសាធារណៈ ឬមេធាវី។  អ្នកទទួលប្រយោជន៍ត្រូវធ្វើសំណើរ និងផ្តល់ឯកសារគាំទ្រដល់នាយកដ្ឋានកម្មសិទិ្ធបញ្ញា ដើម្បីកត់ត្រាទទួលស្គាល់សិទិ្ធផ្តាច់មុខនោះ លិខិតទទួលស្គាល់សិទិ្ធផ្តាច់មុខនឹងត្រូវចេញជូនដល់អ្នកទទួលប្រយោជន៍ក្នុង រយៈពេល ៦០ (ហុកសិប) ថ្ងៃ។ ដោយមិនគិតពីរយៈពេលដែលចែងក្នុងកិច្ចព្រមព្រៀង លិខិតទទួលស្គាល់សិទិ្ធផ្តាច់មុខគឺមាន សុពលភាព ០២(ពីរ) ឆ្នាំ  និងចូលជាធរមានក្នុងរយៈពេល ០៣(បី) ខែ  បន្ទាប់ពីកាលបរិច្ឆេទកត់ត្រា។ អ្នកទទួលប្រយោជន៍ ត្រូវធ្វើការចុះផ្សាយលិខិតទទួលស្គាស់នោះ នៅក្នុងកាសែតល្បីក្នុងរយៈពេល ០៣ (បី) ថ្ងៃជាប់ៗគ្នា។   

 

បណ្តឹងជំទាស់

 

នៅពេលដែលពាក្យស្នើសុំចុះបញ្ជីម៉ាកមួយត្រូវបានទទួលចុះបញ្ជី មន្ត្រីកាន់កាប់បញ្ជី និងធ្វើការចុះផ្សាយអំពីការចុះ​បញ្ជីម៉ាក នោះនៅក្នុងប្រឹត្តិប័ត្រផ្លូវការ ព្រមទាំងធ្វើបច្ចុប្បន្នភាពម៉ាកនោះ លើប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា និងអង្គភាព កម្មសិទិ្ធបញ្ញាពិភពលោក។ ​ជនណាដែលការពាក់ព័ន្ធអាចដាក់ពាក្យប្តឹងជំទាស់អំពីការចុះបញ្ជីម៉ាកនោះបាន ដោយភ្ជាប់ ជា មួយឯកសារគាំទ្រជូនមន្ត្រីកាន់កាប់បញ្ជីក្នុងរយៈពេល ៩០ (កៅ សិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការចុះផ្សាយ ហើយត្រូវ បង់កម្រៃនៃការដាក់ពាក្យប្តឹងនោះ។[22] លិខិតប្រគល់សិទិ្ធដែលមានបញ្ជាក់ភាពស្របច្បាប់ពីមន្ទីសាការីសាធារណៈ និងតម្រូវ មានប្រសិនបើអ្នកប្តឹងជំទាស់តំណាយ ដោយភ្នាក់ងារចុះបញ្ជីម៉ាក។  

មូលដ្ឋានសម្រាប់ប្តឹងជំទាស់ក្រោមច្បាប់ម៉ាករួមមាន[23]៖ 

  • ការចុះបញ្ជីម៉ាកមិនបានបំពេញតាមនិយមន័យនៃម៉ាក ដែលចែងថាម៉ាក "ជាសញ្ញាដែលមើលឃើញ ហើយអាច សំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ" [24]

  • ម៉ាកដែលមិនអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ  ឬសេវារបស់សហគ្រាសមួយនឹងសហគ្រាសមួយផ្សេងទៀត [25]

  • ម៉ាកដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌  ឬប្រពៃណីល្អរបស់ជាតិ [26]

  • ម៉ាកដែលនាំអោយសាធារណជន  ឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រនៃទំនិញ ឬសេវាពាក់ ព័ន្ធ ឬធាតុដើម  ឬលក្ខណៈខាងក្រៅរបស់ទំនិញ ឬសេវានោះ [27]

  • ម៉ាកដែលដូចគ្នា និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ  លើកលែងតែមានការអនុញ្ញាតពីអាជធរមានសមត្ថកិច្ចនៃរដ្ឋ នោះ ឬអង្គការនោះ [28]

  • ម៉ាកដែលដូចគ្នា  ឬប្រហាក់ប្រហែលដែលនាំអោយច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បី ក្នុងព្រះរាជាណា ចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះសម្រាប់ទំនិញ ឬសេវាដូចគ្នា ឬប្រហាក់ ប្រហែលគ្នានៃសហគ្រាសមួយទៀត [29]

  • ម៉ាកដែលដូចគ្នា  ឬប្រហាក់ប្រហែលដែលនាំអោយច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បី ឬបង្កើតពីការបក ប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ទំនិញ ឬ សេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា  ដោយការប្រើប្រាស់ម៉ាកនោះធ្វើអោយខូចប្រយោជន៍របស់ម្ចាស់នៃ ម៉ាកល្បី [30]

  • ម៉ាកដែលដូចគ្នា  ឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទិ្ធរបស់ម្ចាស់ផ្សេង ដែលបានចុះ បញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន  ឬបានទទួលអាទិភាពចុះបញ្ជីមុននៅឯបរទេស ចំពោះទំនិញឬសេវាដូចគ្នា  ឬ ទំនិញឬសេវាដែលពាក់ព័ន្ធយ៉ាងជិតស្និទិ្ធ [31]

  • ពាក្យស្នើសុំចុះបញ្ជីម៉ាក ដែលមិនបានបំពេញតាមបែបបទនៃ ការការចុះបញ្ជីរបស់មន្រ្តីកាន់កាប់បញ្ជី រួមទាំងការបង់ កម្រៃជាដើម[32]

 

ការអនុវត្តនាពេលបច្ចុប្បន្ននេះ  មន្ត្រីកាន់កាប់បញ្ជីអនុញ្ញាតអោយម្ចាស់ម៉ាក ផ្តល់អំណះអំណាងជាចម្លើយតបវិញក្នុងរយៈ ពេល ៤៥ ថ្ងៃ គិតពីកាលបរិច្ឆេទនៃការជូនដំណឹងអំពីការបណ្តឹងជំទាស់។ ប្រសិនបើម្ចាស់ដែលបានចុះបញ្ជីម៉ាករួចហើយមិន បានផ្តល់អំណះអំណាងជាចម្លើយតប ឬមិនចាត់វិធានការណាមួយក្នុងរយៈពេល៤៥ ថ្ងៃនោះទេ ម្ចាស់ម៉ាកនោះត្រូវចាត់ទុកថា បានបោះបង់ការចុះបញ្ជីរបស់ខ្លួន។ [33] សវនាការអាចនិងត្រូវរៀបចំឡើងតាមការស្នើសុំរបស់ភាគីណាមួយ។ [34]  

នាយកដ្ឋានកម្មសិទិ្ធបញ្ញាអាចធ្វើមោឃភាព ឬលុបម៉ាកចេញពីបញ្ជី  ប្រសិនបើល័ក្ខខ័ណ្ឌណាមួយនៃមាត្រា ២, ៤, ១០,​ ១៣, ១៤, និង ១៥ នៃច្បាប់ស្តីពីម៉ាកមិនត្រូវបានបំពេញ។ 

 

ការមោឃភាពម៉ាក

 

នៅពេលណាក៏បាន ជនណាដែលមានការពាក់ព័ន្ធ មានសិទិ្ធដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ ក្នុងការធ្វើមោឃភាពម៉ាក ដែលបានចុះបញ្ជីមកកាន់នាយកដ្ឋានកម្មសិទិ្ធបញ្ញា ដោយឈរលើមូលដ្ឋាន ម៉ាកដែលបានចុះបញ្ជីនោះ មិនអាចសំគាល់ លក្ខណៈខុសគ្នា ឬប៉ះពាល់ផលប្រយោជន៍  សាធារណៈ ដូចដែលបានចែងក្នុងមាត្រា ២(ក) និង មាត្រា៤ (ក-ឆ) នៃច្បាប់ស្តី ពីម៉ាក។[35] មូលដ្ឋាននៃការមោឃភាពម៉ាក គឺដូចគ្នានិងការប្តឹងជំទាស់និងការចុះបញ្ជីម៉ាកដែរ  លើកលែងតែមាត្រាទី៥ តែ ប៉ុណ្ណោះ។  មន្ត្រីកាន់កាប់បញ្ជី នឹងចេញលិខិតជូនដំណឹង​ ដល់ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកជាមួយមូលដ្ឋានក្នុង ការមោឃភាពនេះ។  ការខកខានក្នុងការផ្តល់អំណះអំណាងជាចម្លើយតបក្នុងរយៈពេល ៤៥ ថ្ងៃ រាប់ ចាប់ពីថ្ងៃដែលបានទទួល លិខិតជូនដំណឹង និងបណ្តាលអោយម៉ាកដែលបានចុះបញ្ជីនោះត្រូវបានមោឃភាព  និងចុះផ្សាយអំពីមោឃភាពនោះនៅក្នុង ប្រឹត្តិប័ត្រផ្លូវការរបស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា។   សេចក្តីសម្រេចរបស់មន្ត្រីកាន់កាប់បញ្ជីអាចជាកម្មវត្ថុនៃការប្តឹងតវ៉ាទៅក្រុម ប្រឹក្សាដោះស្រាយ  បណ្តឹងតវ៉ារបស់ក្រសួងពាណិជ្ជកម្ម ឬប្តឹងទៅតុលាការមានសមត្ថកិច្ចក្នុង រយៈពេល ០៣ ខែ  បន្ទាប់ពី កាលបរិច្ឆេទចេញសេចក្តីសម្រេចនោះ។[36]

         

ការលុបម៉ាក

 

ជនណាដែលមានការពាក់ព័ន្ធ មានសិទិ្ធដាក់ពាក្យជាលាយលក្ខណ៍អក្សរស្នើសុំលុបម៉ាកចេញពីបញ្ជីបាន ដោយអះអាងថា ម៉ាកដែលបានចុះបញ្ជី នោះ មិនត្រូវបានប្រើប្រាស់នៅពេលណាមួយដោយម្ចាស់ម៉ាក ឬអ្នកទទួលអាជ្ញាប័ណ្ណ ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ចាប់ពីកាលបរិច្ឆេទចុះបញ្ជី  រហូត ០១ (មួយ) ខែ មុនការដាក់ពាក្យស្នើសុំលុបម៉ាក។[37]  ប៉ុន្តែម៉ាកដែលបានចុះ បញ្ជីនោះនឹងមិនត្រូវបានលុបចេញពីបញ្ជីឡើយ ប្រសិនបើម្ចាស់ម៉ាកឬអ្នកទទួលអជ្ញាប័ណ្ណអាចថា កាលៈទេសៈពិសេសបាន រារាំងការប្រើប្រាស់ម៉ាកចំពោះទំនិញឬសេវាដែលបានចុះបញ្ជីនោះ ហើយគ្មានបំណងមិនប្រើ ឬបោះបង់ចោលម៉ាកនោះទេ។[38]  ទោះបីយ៉ាងណាក៏ដោយ ម៉ាកដែលបានចុះបញ្ជីអាចនិងត្រូវបានលុប បើម្ចាស់ម៉ាក ឬអ្នកតំណាងស្របច្បាប់នៃម្ចាស់ម៉ាកមិន បានស្នើសុំបញ្ជាក់អំពីសេចក្តីប្រកាសការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក។ [39]   

 

ការលុបម៉ាកដោយមន្រ្តីកាន់កាប់បញ្ជី

 

នាយកដ្ឋានកម្មសិទិ្ធបញ្ញាមានសិទិ្ធលុបម៉ាកចេញពីបញ្ជី  ក្នុងល័ក្ខខ័ណ្ឌមួយចំនួនខាងក្រោម ៖[40]

  • អ្នកសុំចុះបញ្ជីម៉ាកមិនបានដាក់ពាក្យស្នើសុំចុះបញ្ជីសាជាថ្មី នូវម៉ាកដែលបានចុះបញ្ជីរួច តាមកាលកំណត់ដោយ ច្បាប់

  • ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយ ស្នើសុំលុបដោយខ្លូនឯង

  • ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយ មិនគោរពល័ក្ខខ័ណ្ឌ ឬការកម្រិតដែលបាន កំណត់នៅក្នុងមាត្រា ០៨

  • ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយ លែងមានអាសយដ្ឋានទាក់ទងនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • ជឿជាក់ដោយផ្អែកលើភ័ស្តុតាងថា ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយ មិនមែនជាម្ចាស់ស្របច្បាប់

  • ជឿជាក់ថាម៉ាកដែលបានចុះបញ្ជីរួចហើយ ប្រហាក់ប្រហែល ឬដូចគ្នាទៅនឹងម៉ាកល្បីដែលជាកម្មសិទិ្ធរបស់ភាគីទីបី។

 

ទោះបីជាច្បាប់ស្តីពីម៉ាកផ្តល់អំណាចជូននាយកដ្ឋានកម្មសិទិ្ធបញ្ញា  ក្នុង ការលុបម៉ាកចេញពីបញ្ជីដោយផ្អែកលើល័ក្ខខ័ណ្ឌ ខាងលើដោយគំនិតផ្តួចផ្តើមផ្ទាល់ខ្លួនក៏ដោយ តែល័ក្ខខ័ណ្ឌទាំងនោះក៏អាចត្រូវបានប្រើជាមូលដ្ឋាននៅក្នុងសំណើរសុំលុបម៉ាក របស់ភាគី ដែលមានផលប្រយោជន៍ផងដែរ។  ល័ក្ខខ័ណ្ឌមួយ ឬច្រើនដែលមានចែងខាងលើនេះ អាចមានក្នុងសំណើរសុំលុប ម៉ាកបាន។         

 

 

ការប្រកួតប្រជែងមិនស្មោះត្រង់

 

ច្បាប់ស្តីពី ម៉ាកក៏មានចែងផងដែរនូវបញ្ញត្តិអំពីអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ ច្បាប់ចែងយ៉ាងទូលំទូលាយអំពីអំពើនៃ ការប្រកួតប្រជែងមិនស្មោះត្រង់ ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងត្រង់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវា កម្ម។[41] ទង្វើទាំងឡាយដូចខាងក្រោមត្រូវចាត់ទុកថាបានបង្កើតនូវអំពីនៃការប្រកួតប្រជែងមិនស្មោះត្រង់៖[42]

  • ការបង្កើតអោយមានការភាន់ច្រឡំ តាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្មភាព ឧស្សាហកម្ម   ពាណិជ្ជកម្ម    ឬសេវាកម្មនៃគូប្រកួតប្រជែង

  • ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម  ដែលធ្វើអោយខូចកេរ្តិ៍ឈ្មោះសហគ្រាស ទំនិញ ឬ ឧស្សាហកម្ម  ពាណិជ្ជកម្ម  ឬសកម្មភាពសេវាកម្មនៃគូប្រកួតប្រជែង

  • ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើអោយសាធារណជនភាន់ ច្រឡំអំពីប្រភេទ ដំណើរការផលិត លក្ខណៈ ភាពសមស្របសម្រាប់គោលបំណងរបស់គេ   ឬបរិមាណនៃទំនិញ  

 

ទោះបីជា ច្បាប់ស្តីពីម៉ាកចែងតែ ០៣ (បី) ល័ក្ខខ័ណ្ឌ​ដែលកំណត់អំពីអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ក៏ដោយ  តែវាជា មូលដ្ឋានសម្រាប់អាជីកម្ម ក្នុងការស្វែងរកដំណោះស្រាយ ប្រសិនបើពួកគេដឹងពីទង្វើលនៃអំពើប្រកួតប្រជែងមិនស្មោះត្រង់ ឬ ទង្វើលដែលផ្ទុយពីការអនុវត្តទៀតត្រង់របស់ដៃគូរប្រកួតប្រជែង។ ទង្វើលទាំងនោះ រួមមានការផ្សាយពាណិជ្ជកម្មធ្វើអោយភាន់ ច្រឡំ ការធ្វើអោយខូចកេរ្តិ៍ឈ្មោះដៃគូប្រកួតប្រជែង ការលួងលោមទាក់ទាញនិយោជិតសំខាន់របស់ដៃគូរប្រកួតប្រជែង ការ ចម្លងសំបកផលិតផល ឬសេវារដៃគូរប្រកួតប្រជែង  (passing off) និង ការលួចពត៌មានសម្ងាត់ពាណិជ្ជកម្ម។

 

ទំនិញពាក់ម៉ាកក្លែងក្លាយ និងវិធានការតាមច្រកព្រំដែន

 

ម្ចាស់ម៉ាកដែលបានចុះបញ្ជីហើយ អាចធ្វើពាក្យបណ្តឹងទៅរដ្ឋបាលគយ និងរដ្ឋាករអោយព្យួរទុកនូវការធ្វើបែបបទទំនិញណា មួយ ដែលសង្ស័យថាមានម៉ាកក្លែងក្លាយ។ [43] រដ្ឋបាលគយ និងរដ្ឋាករអាចព្យួរទុកនូវការធ្វើបែបបទទំនិញដែលពាក់ម៉ាក ក្លែងក្លាយ ដោយខ្លួនបានពិនិត្យឃើញមានភស្តុតាងជាលើកដំបូងថា  កំពុងតែមាន ឬអាចនឹងមានការនាំចូលនូវទំនិញប្រភេទ នេះ។ [44] ទំនិញដែលពាក់ម៉ាកក្លែងក្លាយ មានន័យថា ជាទំនិញទាំងឡាយ រួមទាំងសំបកវេចខ្ចប់ផង ដែលមានពាក់ម៉ាកដូចគ្នា ទៅនឹងម៉ាកដែលបានចុះបញ្ជីត្រឹមត្រូវ លើប្រភេទទំនិញដូចគ្នាដោយគ្មានការ អនុញ្ញាត។ [45]  

តុលាការ និង អគ្គនាយដ្ឋានគយនិងរដ្ឋាករ គឺជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការទទួលយក និងសម្រេចលើពាក្យបណ្តឹងព្យួរទុក នូវការធ្វើបែបបទំនិញដែលសង្ស័យថាមានម៉ាកក្លែងក្លាយ។[46]ពាក្យបណ្តឹងនោះត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងអមជាមួយៈ [47]  

  • វិញ្ញាបនប័ត្រចុះបញ្ជីម៉ាក

  • សេចក្តីថ្លែងពីមូលហេតុនៃការប្តឹង និងជាពិសេសភ័ស្តុតាងដំបូងដែលបង្ហាញថា ទំនិញនោះពាក់ម៉ាកក្លែងក្លាយមែន

  • ការរៀបរាប់ដ៏ល្អិតល្អន់ពីទំនិញ ដែលម៉ាករបស់វាត្រូវបានប្រើប្រាស់

  • គំរូម៉ាកនៃផលិតផលពិត ប្រសិនបើមានសំណូមពរ

  • ឈ្មោះ និងអាស័យដ្ឋានរបស់អ្នកប្តឹង និងអ្នកតំណាង

  • លិខិតអនុញ្ញាតពីម្ចាស់ម៉ាកដែលបានចុះបញ្ជី   ប្រសិនបើពាក្យបណ្តឹងនោះត្រូវបានដាក់ដោយតំណាងដែលទទួលសិទិ្ធ

  • កម្រៃរដ្ឋបាល

 

អ្នកប្តឹងអាចតម្រូវអោយបង់ប្រាក់ធានា  ឬតម្រូវអោយមានការធានាដែលមានតម្លៃស្មើនិងទំនិញដែលសង្ស័យថាពាក់ម៉ាកក្លែង ក្លាយ។[48]  ប្រសិនអ-ជ្ញាធរមានសមត្ថកិច្ចរកឃើញថាការ ការឃាត់ទំនិញនោះគឺមិនត្រឹមត្រូវ  អ្នកប្តឹងត្រូវតែសងសំណងនៃការ ខូចខាតទៅអ្នកនាំចូល។ [49]

យោងតាមប្បញ្ញត្តិច្បាប់ តុលាការ និងរដ្ឋបាលគយ និងរដ្ឋាករត្រូវជូនដំណឹងទៅអ្នកប្តឹងក្នុងរយៈពេល ១០(ដប់) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង។ [50] ប្រសិនបើពាក្យបណ្តឹងត្រូវបានអនុម័តយល់ព្រម ទំនិញដែលសង័្សយថាពាក់ម៉ាកក្លែង ក្លាយនិងត្រូវព្យួរទុក តែក្នុងរយៈពេលដំបូង ដូចដែលបានចែងក្នុងសេចក្តីជូនដំណឹង។[51] អ្នកនាំចូលនឹងទទួលបានសេចក្តី ជូនដំណឹងភ្លាមៗអំពីការព្យួរទុកនូវការធ្វើបែបបទទំនិញដោយ មានបញ្ជាក់ពីមូលហេតុនៃការព្យួរទុកនេះ។[52] នៅពេលដែល ពាក្យបណ្តឹងត្រូវបានអនុម័តយល់ព្រមពីរដ្ឋបាលគយ អ្នកប្តឹងត្រូវបន្តដាក់ពាក្យបណ្តឹងអំពីការរំលោភបំពានម៉ាកទៅតុលាការ ក្នុងរយៈពេល១០ (ដប់) ថ្ងៃ បើមិនដូចនេះទេ  ទំនិញដែលព្យួរនោះនិងត្រូវបានដោះលែង។[53] នៅពេលដែលពាក្យបណ្តឹងត្រូវ បានដាក់ជូនតុលាការ ចុងចម្លើយអាចធ្វើការស្នើសុំសវនានៅរដ្ឋបាលគយ និងរដ្ឋាករដើម្បីសម្រេចធ្វើការកែតម្រូវ លុបចោល ឬត្រូវតម្កល់។ [54] 

តាមសេចក្តីសម្រេចរបស់តុលាការ  រដ្ឋបាលគយនិងរដ្ឋាការ មានសិទិ្ធបំផ្លាញចោលនូវទំនិញដែលពាក់ម៉ាកក្លែងក្លាយនោះ។ [55] ការបន្តនាំចេញទំនិញដែលមានម៉ាកក្លែងក្លាយត្រូវបានហាមឃាត់។[56] 

 

ការរំលោភ  និងវិធានការដោះស្រាយ

 

ម្ចាស់ម៉ាកដែលបានចុះបញ្ជីមានសិទិ្ធផ្តាច់មុខក្នុងការហាមឃាត់ និងរេរាំង អ្នកដ៏ទៃក្នុងការលក់ទំនិញ ឬសេវាកម្មដែលមាន ម៉ាកដូច ឬប្រហាក់ប្រហែលដែលនាំអោយភាន់ច្រឡំទៅនឹងម៉ាករបស់ខ្លួនបាន។ សិទិ្ធផ្តាច់មុខត្រូវបានធានានៅក្នុងមាត្រា ១១ (ដប់មួយ) នៃច្បាប់ស្តីពីម៉ាក។

ការរំលោភបំពានម៉ាកកើតឡើង នៅពេលដែលសញ្ញាមួយដូច ឬប្រហាក់ប្រហែលដែលនាំអោយភាន់ច្រឡំទៅនឹងម៉ាកដែល បានចុះបញ្ជី ត្រូវបានប្រើប្រាស់ដោយជនណាមួយដោយគ្មានការយល់ព្រមជាមុនពីម្ចាស់ម៉ាកលើទំនិញ ឬសេវាដែលដូច ឬ ប្រហាក់ប្រហែលនឹងទំនិញ ឬសេវាដែលបានចុះបញ្ជីរួច។ ច្បាប់ស្តីពីម៉ាកកំណត់ទង្វើលចំនួន ៣ (បី) ខាងក្រោមជាការ រំលោភបំពានម៉ាក៖

  •  ការរំលោភម៉ាកដែលបានចុះបញ្ជីរួចៈ ការប្រើប្រាស់នូវម៉ាកដែលបានចុះបញ្ជីរួច ឬសញ្ញាដូច ឬប្រហាក់ប្រហែល ដែលនាំអោយច្រឡំនឹងម៉ាកដែលបានចុះបញ្ជីដោយគ្មានការយល់ព្រមពីម្ចាស់ម៉ាក លើទំនិញ ឬសេវាដែលដូច ឬ ប្រហាក់ប្រហែលនឹងទំនិញ   ឬសេវាដែលបានចុះបញ្ជីរួច[57]

  •  ការរំលោភម៉ាកល្បីដែលបានចុះបញ្ជីរួចៈ ការប្រើប្រាស់នូវសញ្ញាដូច ឬប្រហាក់ប្រហែល ដែលនាំអោយភាន់ច្រឡំទៅ នឹងម៉ាកល្បីដោយគ្មានការយល់ព្រមពីម្ចាស់ម៉ាកល្បី។ ការប្រើប្រាស់ទាក់ទងនឹងទំនិញនិងសេវាដែលដូច ឬប្រហាក់ ប្រហែលនឹងទំនិញនិងសេវានៃម៉ាកល្បូដែលបានចុះបញ្ជីរួច ឬទាក់ទងទៅនឹងទំនិញនិងសេវាដែលមិនដូច ឬមិន ប្រហាក់ប្រហែល នឹងទំនិញនិងសេវានៃម៉ាកល្បីដែលបានចុះបញ្ជីរួច ហើយការប្រើប្រាស់នូវសញ្ញាទាក់ទងនឹងទំនិញ ឬសេវាទាំងនោះបញ្ជាក់នូវការពាក់ព័ន្ធគ្នារវាងទំនិញ និងសេវាជាមួយនឹងម្ចាស់នៃម៉ាកល្បី ហើយដែលផល់ ប្រយោជន៍នៃម៉ាកល្បីអាចនឹងត្រូវខូចខាតដោយការប្រើប្រាស់នោះ [58]    

  • ការរំលោភម៉ាកល្បីដែលមិនបានចុះបញ្ជីៈ ការប្រើប្រាស់នូវសញ្ញា ដូចឬប្រហាក់ប្រហែលទៅនឹងម៉ាកល្បីដែលមិនបាន ចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការយល់ព្រមពីម្ចាស់ម៉ាកល្បី ប្រសិនបើសញ្ញានោះត្រូវបាន ប្រើប្រាស់លើទំនិញ ឬសេវាដែលដូច ឬប្រហាក់ប្រហែលនឹងទំនិញ ឬសេវានៃម៉ាកល្បីនោះ។ [59]

 

ការនាំចូលស្របគ្នា ដែលត្រូវបានគេដឹងម៉្យាងទៀតថាទំនិញទីផ្សារប្រផេះ គឺជាទំនិញសុទ្ធដែលដាក់លក់ក្នុងប្រទេសមួយ ហើយ នាំចូលទៅកាន់ប្រទេសមួយទៀតដោយគ្មានការយល់ព្រមពីម្ចាស់ម៉ាក។  ប្រទេសកម្ពុជាគោរពតាមគោលការណ៍នៃការផុត រលត់សិទិ្ធម៉ាកជាលក្ខណៈជាតិដែលម្ចាស់ម៉ាកមានសិទិ្ធអាចហាមឃាត់ការនាំចូលស្របគ្នានេះបាន។ មាត្រា១១(ដប់)បាន កំណត់ថាសិទិ្ធដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកនឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជា ណាចក្រកម្ពុជាដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ។ នៅពេលដែលការដាក់លក់ ទំនិញនៅបរទេស មិនត្រូវបានធ្វើឡើងក្នុងប្រទេសកម្ពុជា ការដាក់លក់ទំនិញគ្មានការយល់ព្រមពីម្ចាស់ម៉ាកក្នុងទីផ្សារប្រផេះ គឺ ជាអំពើរំលោភបំពានម៉ាក។

ម្ចាស់ម៉ាកអាចស្នើសុំការដោះស្រាយពីតុលាការមានសមត្ថកិច្ច ឬនាយក ដ្ឋានកម្មសិទិ្ធបញ្ញា។  តាមសំណើររបស់ម្ចាស់ម៉ាក តុលាការអាចចេញនូវសេចក្តីសម្រេចបណ្តោះអាសន្នមួយដើម្បីទប់ស្កាត់ការរំលោភបំពាន ការដែលនឹងមានការរំលោភ ឬទង្វើ ដែលមិនស្របច្បាប់ ដើម្បីសម្រចអោយ សងការខូចខាត  ឬផ្តល់នូវដំណោះស្រាយផ្សេងៗដែលមានចែងក្នុងច្បាប់ទូទៅ។ [60]

ក្នុងការអនុវត្ត ការទាមទារសំណងចំពោះទង្វើលរំលោភបំពានដែលធ្វើឡើងតាមរយៈនីតិវិធីតុលាការ គឺមានតម្លៃខ្ពស់ ចំណាយ ពេលយូរ និងមានភាពស្មុគស្មាញ។ នាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មក៏អាចធ្វើជាសន្ធានការីដោះស្រាយអំពី ការរំលោភនេះបានដែរ។ ភាគីណាមួយនៃម៉ាក ឬអំពីនៃការប្រកួតប្រជែងមិនស្មោះត្រង់ អាចផ្តួចផ្តើមនីតិវិធីសម្រុះសម្រួលតាម រយៈការស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់នាយកដ្ឋានកម្មសិទិ្ធបញ្ញា។ នាយកដ្ឋានកម្មសិទិ្ធបញ្ញានិងរៀបចំអោយមានសវនា ការ ប្រសិនបើមានភាគីណាមួយបានស្នើសុំ  ឬរៀបចំឡើងដោយឆន្ទានុសិទិ្ធ។  ក្នុងករណីដែលដំណោះស្រាយលើវិវាទណា មួយត្រូវបានយល់ព្រមដោយគូរភាគី ដំណោះស្រាយនោះនឹងជាចំណងកាតព្វកិច្ចរបស់ភាគីទាំងពីរ។ ប៉ុន្តែបើគ្មានដំណោះ ស្រាយនោះទេ ភាគីណាមួយនៃវិវាទអាចបន្តនីតិវិធីតាមរយៈតុលាការមានសមត្ថកិច្ចបាន។

 

ទោសប្បញ្ញត្តិ

 

ការប្រើប្រាស់នូវម៉ាកសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមដែលបានចុះបញ្ជីរួចដោយគ្មានការយល់ព្រម ពីម្ចាស់ជាមុនត្រូវចាត់ទុកថាជាអំពើនៃការរំលោភបំពានម៉ាក។  ជនណាមួយដែលរំលោភម៉ាកសញ្ញា សេវាសញ្ញា ម៉ាកសមូហ ភាព ឬពាណិជ្ជនាមត្រូវផ្តន្ទាទោសពិន័យជាប្រាក់  ពី១.០០០.០០០ រៀល ទៅ ២០.០០០.០០០ រៀល (ប្រហាក់ប្រហែល USD250 ទៅ USD5,000) និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់៥ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ[61] ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេឡើង ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនា គារ។ [62]

ទង្វើនៃការប្រកួតប្រជែងមិនស្មោះត្រង់និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល (ប្រហាក់ប្រហែល USD1,250 ទៅ USD2,500) និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាពី១ខែ ដល់១ឆ្នាំ ឬទោសណាមួយនៃ ទោសទាំងពីរនេះ។[63] ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេឡើង ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។   នាយកគ្រប់គ្រង  អ្នកចាត់ការ ឬតំណាងនៃនីតិបុគ្គលក៏ត្រូវទទួលខុសត្រូវចំពោះបទល្មើសដែលកើតឡើង លើកលែងតែអាច បង្ហាញភ័ស្តុតាងថាគេពុំបានដឹងឮ   ឬអនុញ្ញាតអោយប្រព្រឹត្តបទល្មើស។[64] តុលាការមានអំណាចបញ្ជាអោយបំផ្លាញចោល រាល់ទំនិញដែលរកឃើញថាមានពាក់ម៉ាកក្លែងក្លាយ ទោះបីជាមាន ឬគ្មានអ្នកណាម្នាក់ត្រូវបានជាប់ទោសចំពោះបទល្មើលនេះ ក៏ដោយ។ [65]

 

 

[1] ច្បាប់ម៉ាក មាត្រា ២

[2] ច្បាប់ម៉ាក មាត្រា ២

[3] ច្បាប់ម៉ាក មាត្រា ២

[4] ច្បាប់ម៉ាក មាត្រា ២០

[5] ច្បាប់ម៉ាក មាត្រា ២១ (ក)

[6] ច្បាប់ម៉ាក មាត្រា ៥៨

[7] អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ម៉ាក មាត្រា ៧

[8] អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ម៉ាក មាត្រា ១៣

[9] អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ម៉ាក មាត្រា១៦  និងសេចក្តីជូនដំណឹងលេខ០០១៦

[10]  http://www.wipo.int/branddb/kh/en/

[11] http://www.cambodiaip.gov.kh/SearchMark.aspx

[12] http://www.asean-tmview.org

[13] ច្បាប់ម៉ាក មាត្រា ៤

[14] អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ម៉ាក មាត្រា ២១

[15] អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ម៉ាក មាត្រា ២១

[16] ច្បាប់ម៉ាក មាត្រា ១២

[17] អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ម៉ាក មាត្រា ២២

[18] ច្បាប់ម៉ាក មាត្រា ១៩

[19] ច្បាប់ម៉ាក មាត្រា ៥២

[20] សេចក្តីជូនដំណឹង លេខ ០៧៣៨

[21] ច្បាប់ម៉ាក មាត្រា ២៧

[22] ច្បាប់ម៉ាក មាត្រា ១០ (គ)

[23] ច្បាប់ម៉ាក មាត្រា ១០ (គ)

[24] ច្បាប់ម៉ាក មាត្រា ២ (ក)

[25] ច្បាប់ម៉ាក មាត្រា ៤ (ក)

[26] ច្បាប់ម៉ាក មាត្រា ៤ (ខ)

[27] ច្បាប់ម៉ាក មាត្រា ៤ (គ)

[28] ច្បាប់ម៉ាក មាត្រា ៤ (ឃ)

[29] ច្បាប់ម៉ាក មាត្រា ៤ (ង)

[30] ច្បាប់ម៉ាក មាត្រា ៤ (ច)

[31] ច្បាប់ម៉ាក មាត្រា ៤ (ឆ)

[32] ច្បាប់ម៉ាក មាត្រា ៥

[33] ច្បាប់ម៉ាក មាត្រា ១០ (ឃ)

[34] ច្បាប់ម៉ាក មាត្រា ១០ (ង)

[35] ច្បាប់ម៉ាក មាត្រា ១៣

[36] អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ម៉ាក មាត្រា ២៤ (៧)

[37] ច្បាប់ម៉ាក មាត្រា ១៥

[38] ច្បាប់ម៉ាក មាត្រា ១៥

[39] អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ម៉ាក មាត្រា ២១ (៤)

[40] ច្បាប់ម៉ាក មាត្រា ១៤

[41] ច្បាប់ម៉ាក មាត្រា ២២

[42] ច្បាប់ម៉ាក មាត្រា ២៣

[43] ច្បាប់ម៉ាក មាត្រា ៣៥

[44] ច្បាប់ម៉ាក មាត្រា ៤៣

[45] ច្បាប់ម៉ាក មាត្រា ៦១

[46] ច្បាប់ម៉ាក មាត្រា ៣៥

[47] ច្បាប់ម៉ាក មាត្រា ៣៦

[48] ច្បាប់ម៉ាក មាត្រា ៣៨

[49] ច្បាប់ម៉ាក មាត្រា ៤១

[50] ច្បាប់ម៉ាក មាត្រា ៣៧

[51] ច្បាប់ម៉ាក មាត្រា ៣៩

[52] ច្បាប់ម៉ាក មាត្រា ៣៩

[53] ច្បាប់ម៉ាក មាត្រា ៤០

[54] ច្បាប់ម៉ាក មាត្រា ៤០

[55] ច្បាប់ម៉ាក មាត្រា ៤៦

[56] ច្បាប់ម៉ាក មាត្រា ៤៦

[57] ច្បាប់ម៉ាក មាត្រា ២៤

[58] ច្បាប់ម៉ាក មាត្រា ២៥

[59] ច្បាប់ម៉ាក មាត្រា ២៦

[60] ច្បាប់ម៉ាក មាត្រា ២៧

[61] ច្បាប់ម៉ាក មាត្រា ៦៤

[62] ច្បាប់ម៉ាក មាត្រា ៦៧

[63] ច្បាប់ម៉ាក មាត្រា ៦៥

[64] ច្បាប់ម៉ាក មាត្រា ៦៨

[65] ច្បាប់ម៉ាក មាត្រា ៦៩

bottom of page