top of page

សិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល

សេចក្តីផ្តើម

 

ច្បាប់ស្តីពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែលផ្តល់ដល់អ្នកនិពន្ធស្នាដៃដើមនូវសិទិ្ធផ្តាច់មុខលើសិទិ្ធបេតិកភណ្ឌ និងសិទិ្ធ សីលធម៌។ អ្នកនិពន្ធត្រូវបានធានាក្នុងការធ្វើអាជីវកម្មលើស្នារដៃរបស់ខ្លួនដោយស្របច្បាប់ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍វិស័យវប្បធម៌ ដូចដែលមានចែងក្នុងមាត្រា១។  ច្បាប់ស្តីពី សិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែលត្រូវបានអនុម័ត នៅក្នុងឆ្នាំ២០០៣ ដែលជាផ្នែកមួយក្នុងការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។  ទោះកម្ពុជាមិនជាសមាជិក នៃអនុសញ្ញាទីក្រុងប៊ែនស្តីអំពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈ តែកម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពា ណិជ្ជកម្មទាក់ទងនឹងកម្មសិទិ្ធបញ្ញា។ កាលពីពេលថ្មីៗនេះ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនូវប្រកាសមួយស្តីអំពីអង្គភាពគ្រប់គ្រងសិទិ្ធរួម ដោយអង្គភាពគ្រប់គ្រងសិទិ្ធរួមនេះត្រូវបង្កើតឡើងដោយម្ចាស់សិទិ្ធ ម្ចាស់ស្នាដៃដើម្បីគ្រប់គ្រងសិទិ្ធជារួមមួយតាមរយៈការផ្តល់អាជ្ញាបណ្ណ ការប្រមូលលាភការ និងអនុវត្តសិទិ្ធប្រឆាំងនិងការ រំលោភបំពានក្នុងនាមសមាជិករបស់ខ្លួន។    

ប្រភេទស្នាដៃដែលទទួលបានការការពារ

 

"ស្នាដៃ" គឺជាផលិតផលខាងវិស័យអក្សរសាស្រ្ត  វិទ្យាសាស្រ្ត សិល្បៈ  ឬតូរ្យតន្រ្តី ដែលកើតចេញពីការច្នៃប្រឌិតបង្កើតឡើង ដោយគំនិតប្រាជ្ញា ឬមនោសញ្ចេតនា។[1] មានស្នាដៃធំៗចំនួន១៣ (ដប់បី) ប្រភេទដែលត្រូវបានការពារដោយច្បាប់៖[2]

  • សៀវភៅអានគ្រប់ប្រភេទ ឬឯកសារផ្សេងៗទៀត ស្តីពីអក្សរសាស្ត្រ សិស្បៈ វិទ្យាសាស្រ្ត និង ការអប់រំ

  • អត្ថបទបាឋកថា សង្កថា ធម្មទេសនា ការការពារខ្លួនដោយនិយាយ ឬដោយសរសេរ និងស្នាដៃផ្សេងៗទៀតដែល មានប្រភេទដូចគ្នា

  • ស្នាដៃនាដកម្ម ឬនាដកម្ម-តូរ្យតន្រ្តី

  • ស្នាដៃរបាំសម័យ  ឬយកលំនាំតាមស្នាដៃបុរាណ  ឬប្រពៃណី

  • ការសម្តែងសៀក  និងការសម្តែងកាយវិការ

  • ការតែងបទភ្លេងដោយមាន  ឬគ្មានទំនុកច្រៀង

  • ស្នាដៃសោតទស្សន៍

  • ស្នាដៃជាផ្ទាំងគំនូរ  ផ្ទាំងចម្លាក់  រូបចម្លាក់  ឬស្នាដៃផ្សេងៗទៀតខាងសិល្បៈសូនរូប  ឬសិល្បៈអនុវត្ត

  • ស្នាដៃថតរូប និងស្នាដៃទាំងឡាយដែលសម្រេចបានដោយសារមានជំនួយបច្ចេកទេសដូចគ្នានឹងការ  ថតរូប

  • ស្នាដៃស្ថាបត្យកម្ម

  • ផែនទី ប្លង់ គំនូសវាស ឬស្នាដៃស្តែងចេញជារូបដែលទាក់ទងនឹងភូមិសាស្រ្ត ឋានលេខា ឬវិទ្យាសាស្រ្តនានា

  • កម្មវិធីកុំព្យូទ័រ និងគម្រោងឯកសារសមោធានដែលទាក់ទងទៅនឹងកម្មវិធីទាំងនោះ

  • ផលិតផលផ្នែកសិប្បកម្ម  តម្បាញ  ឬម៉ូតសម្លៀកបំពាក់ផ្សេងៗ

 

ស្នាដៃដែលមិនទទួលបាននូវការការពារ មានដូចជាៈ[3]

  • រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជាក្រឹត្យ  អនុក្រឹត្យនិងលិខិតបទដ្ឋានផ្លូវការនានា  និងអត្ថបទបកប្រែ

  • ប្រកាស សេចក្តីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ និង  អត្ថបទបកប្រែ

  • សេចក្តីសម្រេច  សាលក្រមឬសាលដីកាផ្សេងៗរបស់តុលាការ   និងអត្ថបទបកប្រែ

  • គំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរុករកឃើញឬទិន្នន័យសាមញ្ញ  ទោះបីត្រូវបាន ផ្សព្វផ្សាយ អត្ថាធិប្បាយ ពន្យល់ឬមានក្នុងស្នាដៃណាមួយក៏ដោយ។ 

 

 

អ្នកនិពន្ធ

 

រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានបង្កើតស្នាដៃ  និងបានផ្សព្វផ្សាយជាសាធារណៈក្នុងនាមខ្លួន ត្រូវចាត់ទុកថាជាអ្នកនិពន្ធ។[4] អ្នកនិពន្ធស្នាដៃ គឺជាម្ចាស់សិទិ្ធដំបូងគេលើសិទិ្ធសីលធម៌ និងសិទិ្ធបេតិកភណ្ឌក្រោយពីស្នាដៃត្រូវបានបង្កើត។[5]  ក្នុងករណី ដែលអ្នកនិពន្ធជានិយោជិក ហើយបានបង្កើតស្នាដៃដែលជាផ្នែកមួយនៃការងាររបស់ខ្លួន សិទិ្ធបេតិកភណ្ឌលើស្នាដៃនោះត្រូវ ចាត់ទុកថាបានផ្ទេរជូននិយោជកដោយស្វ័យប្រវត្តិ លើកលែងតែមានចែងផ្សេងក្នុងកិច្ចសន្យាការងារនោះ។[6] និយោជិកនៅតែ ត្រូវបានគេចាត់ទុកជាអ្នកនិពន្ធ និងទទួលបាននូវសិទិ្ធសីលធម៌លើស្នាដៃនោះ។

នៅពេលដែលមានបុគ្គលពីរនាក់ ឬច្រើននាក់ចូលរួមគ្នាបង្កើតស្នាដៃ អ្នកទាំងនោះត្រូវចាត់ទុកថាជាសហអ្នកនិពន្ធលើស្នាដៃ សហការ។[7] ការប្រើប្រាស់សិទិ្ធរបស់សហអ្នកនិពន្ធត្រូវមានការឯកភាពជាឯកច្ឆន្ទ និងជាលាយលក្ខណ៍អក្សរ។[8] ឧទាហរណ៍ នៅពេលដែលមានការផ្តល់អាជ្ញាប័ណ្ណលើស្នាដៃសហការ សហអ្នកនិពន្ធទាំងអស់ត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាអាជ្ញាប័ណ្ណ នោះ។ ក្នុងករណី មិនឯកភាពគ្នាសហអ្នកនិពន្ធអាចប្តឹងទៅតុលាការដើម្បីដោះស្រាយ។[9] សម្រាប់ស្នាដៃសោតទស្សន៍ (ឧទារហណ៍  ដូចជាខែ្សភាពយន្ត)  បុគ្គលខាងក្រោមត្រូវចាត់ទុកជាសហអ្នកនិពន្ធៈ[10]

  • សមិទិ្ធករ

  • អ្នកនិពន្ធសេណារីយ៉ូ

  • អ្នកនិពន្ធដោយយកលំនាំតាម

  • អ្នកនិពន្ធអត្ថបទនិយាយ

  • អ្នកនិពន្ធបទភ្លេងមាន ឬគ្មានទំនុកច្រៀងដែលជាបទភ្លេងត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តែប្រយោជន៍ស្នាដៃ នោះ

  • អ្នកនិពន្ធសិល្បៈគំនូរសម្រាប់ស្នាដៃគំនូរជីវចល។

 

ការទទួលបានការការពារ

 

រាល់ស្នាដៃទាំងអស់ត្រូវទទួលបានកិច្ចការពារពីច្បាប់ដោយស្វ័យប្រវត្តិ ទោះបីជាច្បាប់មិនតម្រូវតែអ្នកនិពន្ធ ឬម្ចាស់សិទិ្ធក៏អាច ធ្វើការតម្កល់ទុកស្នាដៃរបស់ខ្លួននៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដែរ។[11] ស្នាដៃមួយទោះបីពុំទាន់ចប់សព្វគ្រប់ក្តី ឬពុំទាន់ បានផ្សព្វផ្សាយជាសាធារណៈក្តីក៏ស្នាដៃទាំងនោះត្រូវចាត់ទុកថាបានបង្កើតឡើងនៅពេលដែលគំនិតរបស់អ្នកនិពន្ធ។[12] ស្នាដៃ ត្រូវតែជា "ស្នាដៃដើម" មានន័យថាស្នាដៃដែលបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធនៃស្នាដៃនោះ។[13] ស្នាដៃនិង ទទួលបានការពារដោយស្វ័យប្រវត្តិពីច្បាប់នៅពេលដែលៈ[14]

  • ស្នាដៃដែលបង្កើតឡើងដោយជនមានសញ្ជាតិខ្មែរ ឬជនដែលមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាននីតិ បុគ្គលហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការិយាល័យនៅក្នុងព្រះរាជាណា ចក្រកម្ពុជា

  • ស្នាដៃដែលបានបោះពុម្ភផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្នាដៃដែលបានបោះពុម្ភផ្សាយលើក ដំបូងនៅបរទេសហើយដែលត្រូវបានយកមកបោះផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុង(៣០ )សាមសិបថ្ងៃ

  • ស្នាដៃសោតទស្សន៍ដែលផលិតករមានទីស្នាក់ការ ឬមានទំលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • ស្នាដៃស្ថាបត្យកម្មដែលបានសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នាដៃសិល្បៈផ្សេងៗទៀតដែលភ្ជាប់ទៅ នឹងអាគារ ឬរចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • ស្នាដៃដែលព្រះរាជាណាចក្រកម្ពុជាមានកាតព្វកិច្ចការពារក្រោមសន្ធិសញ្ញាអន្តរជាតិ

  • ការការពារដែលត្រូវយកចិត្តទុកដាក់ជាពិសេសនោះ គឺការការពារស្នាដៃក្រោមសន្ធិសញ្ញាអន្តរជាតិ ដែលម្ចាស់ស្នាដៃបរទេស ជាច្រើនយល់ច្រឡំថាស្នាដៃរបស់ពួកគេត្រូវបានទទួលការការពារដោយស្វ័យប្រវត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា តែនេះមិន មែនជាការយល់ខុសនោះទេ គឺដោយសារមានករណីលើកលែងសំខាន់មួយ។ ព្រះរាជាណាចក្រកម្ពុជាជាសមាជិកនៃអង្គការ ពាណិជ្ជកម្មពិភពលោក ហើយត្រូវបានចងកាតព្វកិច្ចទៅនឹងកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទិ្ធបញ្ញា ដែលតម្រូវតាមរយៈអនុសញ្ញាទីក្រុងប៊ែន គឺការពារស្នាដៃបរទេសដោយស្វ័យប្រវត្តិ  តែព្រះរាជាណាចក្រកម្ពុជារួមពីកាតព្វកិច្ច នេះដោយសារតែជាប្រទេសមានការអភិវឌ្ឍន៍តិចតួចរហូតដល់ថ្ងៃ១ ខែកក្កដា ឆ្នាំ២០២១។[15] ប្រសិនបើការលើកលែងនេះផុត កំណត់ ស្នាដៃបរទេសក៏មិនទទួលបានការការពារនោះដែរ លុះត្រាតែបំពេញតាមលក្ខខណ្ឌដែលបានបញ្ជាក់ខាងលើទាក់ទង នឹងព្រះរាជាណាចក្រកម្ពុជា។

  • ការចុះបញ្ជី និងតម្កល់ស្នាដៃដោយស្ម័គ្រចិត្តនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយតម្រូវឈ្មោះពិតប្រាកដរបស់អ្នកនិពន្ធ  ចុះថ្ងៃ ខែ ឆ្នាំនៃស្នាដៃដែលបានផ្សព្វផ្សាយជាលើកដំបូង និងចុះថ្ងៃ ខែ ឆ្នាំនៃការបង្កើតស្នាដៃ  ព្រមទាំងចុះពីសិទិ្ធរបស់អ្នក និពន្ធ ហើយពត៌មានទាំងនោះនឹងត្រូវបានបញ្ចូលក្នុងពាក្យស្នើសុំចុះបញ្ជីស្នាដៃ និងតម្កល់ទុក។[16] លិខិតប្រគល់សិទិ្ធដែលមាន បញ្ជាក់ភាពស្របច្បាប់ពីមន្ទីសាការីសាធារណៈ ឬមេធាវី និងតម្រូវអោយមាន ប្រសិនបើពាក្យស្នើសុំនោះត្រូវបានដាក់ដោយ អ្នកតំណាងក្នុងស្រុក។  បន្ទាប់ពីបានដាក់ពាក្យស្នើសុំ លិខិតប្រគល់សិទិ្ធ ក្នុងករណីដែលអ្នកតំណាងក្នុងស្រុកត្រូវបានចាត់ តាំង និងបង់កម្រៃសេវា១៥ (ដប់ប្រាំ)ដុល្លាអាមេរិក  មន្រ្តីកាន់កាប់បញ្ជីនិងចេញវិញ្ញាបនប័ត្រចំពោះស្នាដៃដែលបានចុះបញ្ជី។[17]  តាមការអនុវត្តបច្ចុប្បន្ននេះ ការចុះបញ្ជីត្រូវចំណាយរយៈពេលប្រហែល១៤ (ដប់បួន) ថ្ងៃ ដើម្បីទទួលបាននូវវិញ្ញាបនប័ត្រចុះ បញ្ជីស្នាដៃ។ ផលប្រយោជន៍ក្នុងការចុះបញ្ជីនេះ គឺសម្រាប់ជាភស្តុតាងនៅពេលមានវិវាទកើតឡើង។   ​

 

សិទិ្ធអ្នកនិពន្ធ

 

សិទិ្ធអ្នកនិពន្ធត្រូវបានបែងចែកជាពីរប្រភេទ គឺសិទិ្ធសីលធម៌ និងសិទិ្ធបេតិកភណ្ឌ ហើយជាសិទិ្ធដែលជនគ្រប់រូបត្រូវតែទទួល ស្គាល់។​[18]  សិទិ្ធសីលធម៌មានដូចជាៈ[19]

  • សិទិ្ធផ្តាច់មុខក្នុងការសម្រេចពីរបៀប និងពេលវេលានៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទ  គ្រប់គ្រងការផ្សព្វផ្សាយ

  • កំណត់អោយគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសម្រាប់ទាក់ទងជាមួយសាធារណជន

  • សិទិ្ធជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែប្រែខ្លឹមសារជាហេតុធ្វើអោយខូចកិតិ្តយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន។ 

 

សិទិ្ធសីលធម៌ទាំងបីនេះ គឺជាសិទិ្ធអចិន្រ្តៃយ៍ មិនអាចលក់ដូរ មិនអាចរឹបអូស និងមិនអាចផុតអាជ្ញាយុកាល មានន័យថាសិទិ្ធ ទាំងអស់នេះគឺនៅស្ថិតស្ថេរជារៀងរហូត មិនអាចលក់ ឬរឹបអូសឡើយ ប៉ុន្តែអាចត្រូវបានផ្ទេរ ឬដកហូត។ សិទិ្ធសីលធម៌ត្រូវ បានផ្ទេរទៅអោយទាយាទរបស់អ្នកនិពន្ធក្រោយពីអ្នកនិពន្ធទទួលមរណភាព។[20]

សិទិ្ធបេតិកភណ្ឌជាសិទិ្ធប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ  ការផ្សព្វផ្សាយ ជាសាធារណៈ   និងការបង្កើតស្នាដៃបន្ត ជាពិសេសដូចជាៈ[21] 

  • ការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន

  • ការយកលំនាំតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ

  • ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃសោតទស្សន៍ ឬស្នាដៃថតបញ្ចូលជាហ្វូណូក្រាម កម្មវិធីកុំព្យូទ័រ ប្រព័ន្ធ ទិន្នន័យ ឬស្នាដៃតូរ្យតន្រ្តីជាអក្សរភ្លេង

  • ការចែកចាយជាសាធារណៈតាមការលក់ ការជួល ឬតាមមធ្យោបាយផ្សេងទៀតនូវច្បាប់់ដើម ឬច្បាប់ចម្លងដែលពុំ ទាន់បានលក់ ឬផ្ទេរកម្មសិទិ្ធ

  • ការនាំចូលក្នុងប្រទេសនូវស្នាដៃចម្លងចេញពីស្នាដៃរបស់សាមីខ្លួនដែលជាអ្នកនិពន្ធ

  • ការផលិតស្នាដៃឡើងវិញ

  • ការសម្តែងស្នាដៃជាសាធារណៈ

  • ការបង្ហាញស្នាដៃជាសាធារណៈ

  • ការផ្សាយស្នាដៃតាមទូរផ្សាយ

  • ការផ្សព្វផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត

 

ការកម្រិតសិទិ្ធអ្នកនិពន្ធ

 

ការនាំចូល និងការចម្លងនូវស្នាដៃដែលបានទទួលការពារពីច្បាប់ សំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួនត្រូវបានអនុញ្ញាត។[22]  អ្នកនិពន្ធ មិនអាចធ្វើការហាមឃាត់ចំពោះ[23]  

  • ការសម្តែងស្នាដៃជាឯកជនដោយមិនគិតកម្រៃ  ជាការសម្តែងក្នុងរង្វង់គ្រួសារ  ឬញាតិមិត្ត

  • ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកអោយបានគង់វង្ស ឬដើម្បីទុកសម្រាប់ធ្វើការ ស្រាវជ្រាវ

  • ការប្រើប្រាស់ស្នាដៃសម្រាប់ការសិក្សាដោយគ្មានរកប្រាក់កម្រៃ

  • ការបកប្រែស្នាដៃពីភាសាខ្មែរទៅជាភាសាជនជាតិភាគតិច ឬបកប្រែពីភាសាជនជាតិភាគតិចមកជាភាសាខ្មែរ

  • ការវិភាគ និងអាគតដ្ឋានខ្លីៗនៃស្នាដៃដែលបញ្ជាក់ពីការរិះគន់ សង្រ្គាមប៉ាកកា គរុកោសល្យ វិទ្យាសាស្រ្តឬព័ត៌មាន ស្តីពីស្នាដៃនោះ ដែលអ្នកប្រើបានបញ្ជាក់ពីប្រភពច្បាស់លាស់   

  • ការផ្សាយទស្សនៈសារព័ត៌មាន ដែលអ្នកប្រើបានបញ្ជាក់ពីប្រភពច្បាស់លាស់ 

  • ការត្រាប់កំប្លែង ការត្រាប់តាមគំរូ ឬគំនូរត្លុកដោយផ្អែកតាមលំនាំដើមនៃស្នាដៃ ដែលអ្នកប្រើបានបញ្ជាក់ពីប្រភព ច្បាស់លាស់ 

  • ការចម្លងរូបភាពស្នាដៃសិល្បៈក្រាហ្វិក ឬសិល្បៈសូនរូបដែលស្ថិតនៅទីកន្លែងសាធារណៈមួយ លើកលែងតែរូបភាព នោះត្រូវបានចាត់ទុកថាជាកម្មវត្ថុសំខាន់នៃការចម្លងបន្ត ដែលអ្នកប្រើបានបញ្ជាក់ពីប្រភពច្បាស់លាស់ 

  • ស្នាដៃដែលបានបង្កើតឡើងស្តីពីជីវិតពិតរបស់បុគ្គល ឬគ្រួសារជាក់លាក់ណាមួយត្រូវមានការអនុញ្ញាតពីបុគ្គលសាមី ឬអ្នក ដែលបានទទួលមរតកសាសន៍នោះ។[24]

 

រយៈពេលនៃសិទិ្ធបេតិកភណ្ឌ

 

សិទិ្ធបេតិកភណ្ឌត្រូវបានការពារចាប់តាំងពីថ្ងៃដែលស្នាដៃត្រូវបានបង្កើត និងត្រូវបញ្ចប់ទៅវិញក្នុងរយៈពេល ៥០(ហាសិប) ឆ្នាំ ក្រោយពីការទទួលមរណភាពរបស់អ្នកនិពន្ធ។[25] ចំពោះស្នាដៃសហការ សិទិ្ធបេតិកភណ្ឌត្រូវបញ្ចប់ទៅវិញក្នុងរយពេលៈ៥០ (ហាសិប)ឆ្នាំ ក្រោយពីការទទួលមរណភាពរបស់អ្នកនិពន្ធចុងក្រោយ។[26] នៅពេលដែលស្នាដៃត្រូវបានបោះពុម្ពផ្សាយជា អានាមិក ឬក្រោមឈ្មោះផ្សេង រយៈពេលការពារគឺ ៧៥​ (ចិតសិបប្រាំ)ឆ្នាំ ក្រោយពីស្នាដៃនោះត្រូវបានបោះពុម្ពផ្សាយជា សាធារណៈ។[27]​ សិទិ្ធបេតិកភណ្ឌលើស្នាដៃសមូហភាព ឬស្នាដៃសោតទស្សន៍ ឬស្នាដៃបច្ឆាមរណៈត្រូវទទួលបាននូវកិច្ចការ ពារពីច្បាប់ក្នុងរយៈពេល៧៥ (ចិតសិបប្រាំ)ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិននៃឆ្នាំដែលស្នាដៃនោះបានផ្សព្វផ្សាយជាលើក ដំបូងត្រឹមត្រូវតាមច្បាប់។[28] ប្រសិន បើពុំមានការផ្សព្វផ្សាយក្នុងរយៈ ពេល៥០ (ហាសិប)ឆ្នាំបន្ទាប់ពីពេលបង្កើតស្នាដៃនោះ កិច្ចការពាររយៈពេល១០០ (មួយរយ)ឆ្នាំនឹងត្រូវបានគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិននៃឆ្នាំ ដែលស្នាដៃនោះបានបង្កើត។[29]

 

ការផ្ទេរ និងការធ្វើអាជីវកម្មលើសិទិ្ធបេតិកភណ្ឌ

 

កិច្ចសន្យាទាំងឡាយអំពីការធ្វើអាជីវកម្មសិទិ្ធបេតិកភណ្ឌ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរជាក់លាក់ បើមិនដូចច្នោះទេកិច្ច សន្យានោះនឹងត្រូវចាត់ទុកជាមោឃៈ។[30] រាល់សិទិ្ធបេតិកភណ្ឌអាចត្រូវបានផ្ទេរជាលក្ខណៈបុគ្គល ឬសមូហភាព តែការផ្ទេរសិទិ្ធ បេតិកភណ្ឌជាលក្ខណៈបុគ្គលមិនបណ្តាលអោយ ឬតម្រូវអោយមានការផ្ទេរសិទិ្ធបេតិកភណ្ឌរបស់បុគ្គលផ្សេងទៀតឡើយ។[31] សិទិ្ធបេតិកភណ្ឌអាចត្រូវបានផ្ទេរទៅអោយទាយាទរបស់អ្នកនិពន្ធ ឬភាគីទីបីណាមួយដោយឆន្ទៈរបស់អ្នកនិពន្ធ។[32] នៅពេល ដែលគ្មានទាយាទ ឬក៏ទាយាទមិនត្រូវបានបង្ហាញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវទទួលខុសត្រូវលើការគ្រប់គ្រងសិទិ្ធបេ តិកភណ្ឌនេះ។[33]

 

សិទិ្ធនៃការសម្តែង

 

ការសម្តែងជាការបញ្ចេញស្នាដៃលើឆាក ដូចជារាំ ប្រគំតន្រ្តី ច្រៀង ឬបង្ហាញតាមមធ្យោបាយនិងវិធីផ្សេងៗទៀតនូវស្នាដៃសិល្បៈ ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្រ្ត ការអប់រំ ឬវិទ្យាសាស្ត្រ។[34] សំខាន់គឺសិទិ្ធគឺនៅជាប់នឹងអ្នកសម្តែងជាជាងបុគ្គលដទៃ ទៀតដែលទាក់ទិនក្នុងការផលិតស្នាដៃនោះ ដូចជាសមិទិ្ធករ  អ្នកនិពន្ធ  អ្នកនិពន្ធបទភ្លេង អ្នកនាដសាស្រ្ត។[35] អ្នកសម្តែង មានសិទិ្ធផ្តាច់មុខក្នុងការធ្វើដោយផ្ទាល់ ឬអនុញ្ញាតៈ [36]    

  • ការផ្សាយតាមទូរផ្សាយនិងការផ្សព្វផ្សាយជាសាធារណៈនូវការសម្តែងរបស់ខ្លួន ដោយមានការលើកលែងមួយចំនួន

  • ការថតបញ្ចូលនូវការសម្តែង និងការផលិតឡើងវិញ

  • ការចែកចាយជាសាធារណៈតាមការលក់ ឬការផ្ទេសិទិ្ធនូវហ្វូណូក្រាមច្បាប់ដើមដែលអ្នកសម្តែងពុំទាន់បានអនុញ្ញាត អោយធ្វើការចែកចាយ

  • ការដាក់ជួល ឬការអោយខ្ចីជាសាធារណៈនូវហ្វូណូក្រាម

  • អនុញ្ញាតចាក់ផ្សាយតាមអង្គភាពទូរផ្សាយណាមួយ (ស្ថានីយ៍វិទ្យុ នឹងទូរទស្សន៍)  មិនរាប់បញ្ចូលទូរផ្សាយដទៃទៀត

  • អនុញ្ញាតចាក់ផ្សាយតាមអង្គភាពទូរផ្សាយណាមួយ តែអង្គភាពទូរផ្សាយនោះពុំមានសិទិ្ធថតបញ្ចូលជាហ្វូណូក្រាមទេ

ភាពឯករាជ្យភាពនៃសិទិ្ធបេតិកភណ្ឌខាងលើ បើទោះបីមានការផ្ទេរសិទិ្ធបេតិកភណ្ឌរបស់ខ្លួនក៏ដោយ អ្នកសម្តែងនៅមានសិទិ្ធ តម្រូវអោយគេសរសេរឈ្មោះរបស់ខ្លួនលើការសម្តែងផ្ទាល់ ឬការសម្តែងដែលបានថតទុក។[37] បន្ថែមលើនេះ អ្នកសម្តែងនៅ តែរក្សាសិទិ្ធសីលធម៌ ក្នុងការជំទាស់គ្រប់រូបភាពនៃការបំផ្លើស ការកាត់តខ្លឹមសារខ្លះ ឬកែប្រែខ្លឹមសារនៃការសម្តែងជាហេតុធ្វើ អោយខូនកេរ្តិ៍ឈ្មោះអ្នកសម្តែង។[38] តែអ្នកសម្តែងមិនអាចហាមឃាត់នូវការផលិតឡើងវិញនិងការផ្សព្វផ្សាយជាសាធារណៈ ស្តីពីការសម្តែងរបស់ខ្លួនបានឡើយ បើការសម្តែងនោះមានលក្ខណៈបន្ទាប់បន្សំនៅក្នុងសាច់រឿងស្នូលរបស់ឈុត ឬស្នាដៃ ឬ ឯកសារសោតទស្សន៍។[39]

សិទិ្ធផ្តាច់មុខរបស់អ្នកសម្តែងលើសិទិ្ធបេតិកភណ្ឌ និងសិទិ្ធសីលធម៌ គឺមានការកម្រិតសិទិ្ធដូចគ្នាទៅនឹងអ្នកនិពន្ធដូចដែលបាន ចែងខាងលើ និងមានកម្រិតបន្ថែមដូចខាងក្រោមៈ[40]  

  • សេចក្តីរាយការណ៍ដកស្រង់ជាផ្នែកខ្លីៗស្តីពីពត៌មានបច្ចុប្បន្នភាព

  • ការថតចម្លងដែលធ្វើឡើងសម្រាប់តែគោលបំណងស្រាវជ្រាវវិទ្យាសាស្រ្ត

  • ការថតចម្លងសម្រាប់បម្រើក្នុងក្របខ័ណ្ឌនៃការសិក្សា លើកលែងតែស្នាដៃនោះត្រូវបានផលិតសម្រាប់តែគោលបំណង  នៃការសិក្សា

  • អាគតដ្ឋានជាសម្រង់ខ្លីៗ  ដែលមានភាពសមហេតុផល និងត្រឹមត្រូវ

  • ការចាប់យករូបភាពនិងសម្លេងនៃពិធីបុណ្យ អង្គប្រជុំ ឬព្រឹត្តការណ៍នានារបស់ជាតិ ពីស្ថានីយដើមក្នុងពេលតែមួយ

បទបញ្ញាត្តិដូចគ្នានៃការតម្កល់ និងផ្ទេរសិទិ្ធរបស់អ្នកនិពន្ធដែលបានរៀបរាប់ខាងលើ អាចអនុវត្តបានចំពោះសិទិ្ធអ្នកសម្តែង។[41] សិទិ្ធអ្នកសម្តែងមានរយៈពេល៥០ (ហាសិប)ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិននៃការថតបញ្ចូលក្នុងហ្វូណូក្រាម ឬក្នុងករណី

ដែលពុំបានថតការសម្តែងបញ្ចូលក្នុងហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិនដែលការសម្តែងបានប្រព្រឹត្តទៅ។[42]

សិទិ្ធផលិតករហ្វូណូក្រាម

 

ហ្វូណូក្រាមជាវត្ថុដែលបានថតបញ្ចូលសម្លេងនៃការសម្តែង ឬសម្លេងផ្សេងៗទៀត ឬនិមិត្តសញ្ញានៃសម្លេង ក្រៅពីទម្រង់នៃការ ថតបញ្ចូលជាខ្សែភាពយន្ត ឬស្នាដៃសោតទស្សន៍ផ្សេងៗទៀត។[43]  និយាយម៉្យាងទៀតហ្វូណូក្រាមគឺជាថតបញ្ចូលសម្លេង ដោយធ្វើឡើងក្នុងទំម្រង់ជាស៊ីឌី កាសែត អឹមភី៣ ប៉ុន្តែមិនមែនជាសម្លេងនៃខ្សែភាពយន្ត សម្លេងនៃការសម្តែងតាមស្ថានី ទូរទស្សន៍ និងកុំព្យូទ័រហ្គេម (ទាំងអស់នេះជា ស្នាដៃសោតទស្សន៍)។  រាល់ការផលិតឡើងវិញ ការលក់ ការប្តូរ ការជួល ឬការ ផ្សព្វផ្សាយជាសាធារណៈនូវហ្វូណូក្រាមត្រូវមានការអនុញ្ញាតពីផលិតករហ្វូណូក្រាម។[44]  ផលិតករហ្វូណូក្រាមទទួលបាន សិទិ្ធសេដ្ឋកិច្ចក្នុងការចែកចាយជាសាធារណៈតាមការលក់ ឬការផ្ទេរកម្មសិទិ្ធច្បាប់ដើម ឬច្បាប់ចម្លង លើកលែងតែហ្វូណូក្រាម នោះត្រូវបានអនុញ្ញាតអោយចែកចាយរួចហើយ។[45] នេះបង្ហាញអំពីគោលការណ៍លក់ដំបូង មានន័យថាសិទិ្ធផ្តាច់មុខនៅក្នុង ការថតជាក់លាក់មួយត្រូវផុតរលត់ ពេលដែលមានអនុញ្ញាតអោយដាក់លក់ដំបូង។ ផលិតករហ្វូណូក្រាមមានសិទិ្ធនាំចូលនូវ ច្បាប់ចម្លងនៃហ្វូណូក្រាមរបស់ខ្លួនក្នុងទិសដៅធ្វើការផ្សព្វផ្សាយជាសាធារណៈ។[46] 

ការកម្រិតសិទិ្ធរបស់អ្នកសម្តែងដែលបានរៀបរាប់ខាងលើ ត្រូវយកមកអនុវត្តចំពោះរបស់ផលិតករហ្វូណូក្រាមផងដែរ។[47] ក៏ដូច គ្នា បទបញ្ញាត្តិដែលទាក់ទងនឹងការផ្ទេរសិទិ្ធ និងការតម្កល់សិទិ្ធរបស់អ្នកនិពន្ធដែលបានរៀបរាប់ខាងលើ ក៏ត្រូវយកមកអនុវត្ត ចំពោះរបស់ផលិតករហ្វូណូក្រាមផងដែរ។[48] រយៈពេលនៃកិច្ចការពារផលិតករហ្វូណូក្រាមគឺ៥០ (ហាសិប)ឆ្នាំ គិតចាប់ពី ដំណាច់ឆ្នាំប្រក្រតីទិនដែលបានបោះផ្សាយហ្វូណូក្រាម ឬក្នុងករណីពុំបានបោះផ្សាយហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នាំ ប្រក្រតីទិនដែលបាន ថតសម្លេងបញ្ចូលក្នុងហ្វូណូក្រាម។[49]


សិទិ្ធផលិតករសោតទស្សន៍  

 

ស្នាដៃសោតទស្សន៍ គឺជាស្នាដៃដែលបង្កើតឡើងដោយមានរូបភាពតគ្នាជាឈុតៗភ្ជាប់គ្នាហើយបង្កើតបានជាចលនា ទោះបី មានបញ្ចូលសម្លេង ឬគ្មានបញ្ចូលសម្លេង។[50] ផលិតករវីដេអូ គឺជារូបវន្តបុគ្គល ឬជានីតិបុគ្គល ដែលមានផ្តួចផ្តើមគំនិត និង ទទួលខុសត្រូវក្នុងការថតបញ្ចូលទៅក្នុងស្នាដៃ។[51] រាល់ការផលិតឡើងវិញនូវវីដេអូដើម្បីផ្សព្វផ្សាយជាសាធារណៈ លក់ ដូរ ឬ ជួលចាំបាច់ត្រូវមានការអនុញ្ញាតពីផលិតករវីដេអូ។[52]  ការផ្ទេរសិទិ្ធរបស់ផលិតករវីដេអូ ត្រូវធ្វើជាមួយនិងសិទិ្ធអ្នកនិពន្ធ និង សិទិ្ធអ្នកសម្តែង ដែលបានរួមសហការផលិតជាវីដេអូនោះឡើង។[53] 

ការកម្រិតសិទិ្ធរបស់អ្នកសម្តែងដែលបានរៀបរាប់ខាងលើ ត្រូវយកមកអនុវត្តផងដែរចំពោះផលិតករវីដេអូ។[54] ស្នាដៃសោត ទស្សន៍ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់ក្នុងរយៈពេល ៧៥ (ចិតសិបប្រាំ) ឆ្នាំគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិននៃឆ្នាំដែល ស្នាដៃនោះបានផ្សព្វ ផ្សាយជាលើកដំបូងត្រឹមត្រូវតាមច្បាប់។[55] ប្រសិនបើពុំមានការផ្សព្វផ្សាយក្នុងរយៈពេល៥០ (ហាសិប)ឆ្នាំ បន្ទាប់ពីពេលបង្កើតស្នាដៃនោះ កិច្ចការពាររយៈពេល១០០(មួយរយ) ឆ្នាំនឹងត្រូវបានគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិននៃឆ្នាំដែល ស្នាដៃនោះបានបង្កើត។[56]


សិទិ្ធនៃអង្គភាពទូរផ្សាយ  

 

អង្គភាពទូរផ្សាយមានស្ថានីយវិទ្យុ ស្ថានីយទូទស្សន៍ និងស្ថាននីយទូរទស្សន៍ខ្សែកាបមានសិទិ្ធផ្តាច់មុខក្នុងការធ្វើ ឬអនុញ្ញាត ការថតកម្មវិធីផ្សាយ ការផ្សព្វផ្សាយជាសាធារណៈ ការចាក់ផ្សាយឡើងវិញ ការផលិតឡើងវិញ ការចែកចាយ ឬការដាក់ជួលជា លើកដំបូងនូវច្បាប់ចម្លងនៃកម្មវិធីផ្សាយរបស់ស្ថានីយសាមី។[57] ការថតចម្លងនូវកម្មវិធីរបស់អង្គភាពទូរផ្សាយដើម្បីលក់ ជួល ប្តូរ ចាក់ផ្សាយ ឬផ្សព្វផ្សាយជាសាធារណៈនៅទីកន្លែងណាមួយត្រូវមានការអនុញ្ញាតពីអង្គភាពទូរផ្សាយសាមី។[58] ការកម្រិត សិទិ្ធរបស់អ្នកសម្តែងដែលបានរៀបរាប់ខាងលើត្រូវយកមកអនុវត្តចំពោះរបស់អង្គភាពទូរផ្សាយ។ [59] ក៏ដូចគ្នា បទបញ្ញាត្តិដែល ទាក់ទងនឹងការផ្ទេរសិទិ្ធ និងការតម្កល់សិទិ្ធរបស់អ្នកនិពន្ធដែលបានរៀបរាប់ខាងលើ ក៏ត្រូវយកមកអនុវត្តចំពោះរបស់អង្គភាព ទូរផ្សាយផងដែរ។[60]

រយៈពេលនៃកិច្ចការពារកម្មវិធីផ្សាយរបស់អង្គភាពទូរផ្សាយគឺ៥០(ហាសិប) ឆ្នាំគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិនដែលកម្មវិធីបាន ផ្សាយ។[61]

 

ការគ្រប់គ្រងលើសិទិ្ធរួម

 

អង្គភាពគ្រប់គ្រងសិទិ្ធរួមអាចបានត្រូវបានបង្កើតដោយអ្នកនិពន្ធ  អ្នកសម្តែង  ផលិតករហ្វូណូក្រាម ផលិតករវីដេអូដើម្បីការ ពារនិងគ្រប់គ្រងសិទិ្ធបេតិកភណ្ឌ។[62] ក្របខ័ណ្ឌច្បាប់ត្រូវបានចែងក្នុងជំពូកទី៤ នៃច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ ប្រហែល និងប្រកាសស្តីពីអង្គភាពគ្រប់គ្រងសិទិ្ធរួមចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។ អង្គភាពគ្រប់គ្រងសិទិ្ធរួមត្រូវបានបង្កើត ឡើងដើម្បីគ្រប់គ្រងការផ្តល់សិទិ្ធលើអាជ្ញាប័ណ្ណ ការប្រមូលលាភការ និងវិធានការអនុវត្តច្បាប់សម្រាប់សមាជិកសិទ្ធិរបស់ខ្លួន។

មានតែអ្នកនិពន្ធ និងម្ចាស់សិទិ្ធប្រហាក់ប្រហែល (អ្នកសម្តែង ផលិតករហ្វូណូក្រាម  ផលិតករសោតទស្សន៍ និងទូរផ្សាយ) ដែលមានសញ្ជាតិខ្មែរអាចបង្កើតអង្គភាពគ្រប់គ្រងសិទិ្ធរួម។[63] ការដាក់ពាក្យស្នើសុំបង្កើតអង្គភាពគ្រប់គ្រងសិទិ្ធរួមត្រូវធ្វើនៅ នាយកដ្ឋានសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែលនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវភ្ជាប់ជាមួយនិងលក្ខន្តិកៈ និងបទ បញ្ជាផ្ទៃក្នុងរបស់អង្គភាព។[64]  ការចុះបញ្ជីទទួលស្គាល់អង្គភាពគ្រប់គ្រងសិទិ្ធរួមមានសុពលភាពរយៈពេល៥ (ប្រាំ)ឆ្នាំ និង អាចបន្តសុពលភាពរយៈពេល២ (ពីរ) ឆ្នាំម្តង។[65]

រូបវន្តបុគ្គល ឬនីតិបុគ្គលដែលត្រូវការប្រើប្រាស់ស្នាដៃណាមួយរបស់អង្គភាពគ្រប់គ្រងសិទិ្ធរួម ត្រូវសុំការអនុញ្ញាតពីអង្គភាពគ្រប់ គ្រងសិទិ្ធរួម និងយល់ព្រមបង់លាភការ។[66] ការអនុញ្ញាតនេះ ត្រូវធ្វើជាកិច្ចសន្យាត្រូវកំណត់ពីប្រភេទនៃការប្រើប្រាស់ស្នាដៃ ចំនួនស្នាដៃ ទីកន្លែង និងពេលវេលាជាដើម។[67] ចុងក្រោយនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវជួយដោះស្រាយវិវាទនានា ដែលកើតឡើងរវាងអង្គភាពគ្រប់គ្រងសិទិ្ធរួម និងអ្នកទទួលអាជ្ញាប័ណ្ណ ក៏ដូចជាជាមួយនិងសមាជិករបស់ខ្លួន។[68]

 

វិវាទ និងទោសប្បញ្ញតិ្ត

  • រាល់ម្ចាស់សិទិ្ធដែលបានទទួលរង ឬអាចទទួលរងនូវការប៉ះពាល់ដល់សិទិ្ធរបស់ខ្លួន អាចប្តឹងទៅតុលាការដើម្បីហាមឃាត់កុំ អោយប៉ះពាល់ដល់សិទិ្ធរបស់ខ្លួន ប្រសិនបើការប៉ះពាល់នោះអាចនឹងកើតឡើង ឬបង្គាប់អោយឈប់ធ្វើការប៉ះពាល់ដល់សិទិ្ធ របស់ខ្លួនប្រសិនបើការប៉ះពាល់នោះនៅតែបន្ត។[69]

  • លើសពីនេះ ដើមបណ្តឹងក៏មានសិទិ្ធទទួលបានការសងជម្ងឺចិត្ត ការសងការខូចខាត និងការប្រគល់មកវិញនូវវត្ថុតាងមាន ឧបករណ៍ ឬសម្ភារៈដែលជាប់រឿងហេតុ  ព្រមទាំងការប្រគល់នូវប្រាក់ចំណេញដែលបានមកពីការរំលោភបំពាននោះ។[70]

 

បន្ថែមលើការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ច្បាប់ក៏បានដាក់ទោសព្រហ្មទណ្ឌដល់សកម្មភាព​រំលោភបំពានលើសិទិ្ធរបស់អ្នក និពន្ធផងដែរ។ ការរំលោភបំពានសិទិ្ធលើការផលិត ការផលិតឡើងវិញ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគាពី៦ខែ ទៅ១២ខែ និង/ឬក៏ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥(ប្រាំ)លានរៀល ទៅ២៥(ម្ភៃប្រាំ)លានរៀល (ប្រហាក់ប្រហែល១២០០ដុល្លាអាមេរិក - ៦២៥០ដុល្លាអាមេរិក)  ហើយត្រូវផ្តន្ទាទោសទ្វេដង ក្នុងករណីមិនរាងចាល។[71]

 

 

[1] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល មាត្រា ២

[2] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល មាត្រា ៧

[3] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១០

[4] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១១

[5] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១៦

[6] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១៦

[7] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១២

[8] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១២

[9] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១២

[10] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១៥

[11] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣៨

[12] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥

[13] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤

[14] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣

[15] អង្គការពាណិជ្ជកម្មពិភពលោក  ការពន្យារយៈពេលអន្តរកាល មាត្រា ៦៦.១

[16] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣៩

[17] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤០

[18] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១៨

[19] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ២០

[20] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ១៩

[21] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ២១

[22] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ២៣ និង២៤

[23]​ ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ២៥ និង២៩

[24] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ២៦

[25] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣០

[26] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣០

[27] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣១

[28] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣១

[29] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣១

[30] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣៤

[31] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣២

[32] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣៣

[33] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣៣

[34] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ២ (គ)

[35] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា

[36] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤១

[37] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤២

[38] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤២

[39] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤៣

[40] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥០

[41] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥៤ និង៥៥

[42] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥៣ (១)

[43] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ២ (ញ)

[44] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤៥

[45] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤៥

[46] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤៥

[47] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥០

[48] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥៤ និង ៥៥

[49] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥៣ (២)

[50] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ២ (ឆ)

[51] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤៦

[52] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤៦

[53] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤៦

[54] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥០

[55] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣១

[56] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៣១

[57] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤៧

[58] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៤៨

[59] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥០

[60] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥៤ និង ៥៥

[61] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥៣ (៣)

[62] ច្បាប់ស្តីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥៦

[63] ប្រកាសស្តីពីអង្គភាពគ្រប់គ្រងសិទិ្ធរួម  មាត្រា ៤

[64] ប្រកាសស្តីពីអង្គភាពគ្រប់គ្រងសិទិ្ធរួម  មាត្រា ៦ និង ៧

[65] ប្រកាសស្តីពីអង្គភាពគ្រប់គ្រងសិទិ្ធរួម  មាត្រា ៨

[66] ប្រកាសស្តីពីអង្គភាពគ្រប់គ្រងសិទិ្ធរួម  មាត្រា ១១

[67] ប្រកាសស្តីពីអង្គភាពគ្រប់គ្រងសិទិ្ធរួម  មាត្រា ១១

[68] ប្រកាសស្តីពីអង្គភាពគ្រប់គ្រងសិទិ្ធរួម  មាត្រា ១២

[69] ច្បាប់ស្តីពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥៧

[70] ច្បាប់ស្តីពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល  មាត្រា ៥៧

[71] ប្រកាសស្តីពីអង្គភាពគ្រប់គ្រងសិទិ្ធរួម  មាត្រា ៦៤

bottom of page