top of page

ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

សេចក្តីផ្តើម

 

ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញសំដៅដល់ឈ្មោះ ឬសញ្ញាដែលប្រើសម្រាប់កំណត់ប្រភពដើមនៃទំនិញភូមិសាស្ត្រមួយ។ ម៉ាក សម្គាល់ភូមិសាស្រ្តទំនិញ គឺជាវិញ្ញាបនបត្រសម្រាប់បញ្ជាក់អំពីគុណភាពផលិតផលដែលត្រូវបានផលិតទៅតាមវិធីសាស្រ្ត ឬ កេរ្តិ៍ឈ្មោះជាក់លាក់ចេញពីតំបន់ភូមិសាស្រ្តនោះ។ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញត្រូវបានផ្តល់តាមការចុះបញ្ជីដើម្បីទទួលបាន ការការពារនៅប្រទេសផ្សេងៗទៀត ជាមួយនិងគោលដៅពីរគឺការពារអតិថិជនពីផលិតផលក្លែងក្លាយ និងសម្រាប់ប្រតិបត្តិករ ក្នុងប្រឆាំងនឹងការប្រកួតប្រជែងមិនស្មោះត្រង់។

នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួនពីរត្រូវបានទទួលចុះបញ្ជី គឺម្រេចកំពត និងស្ករត្នោត កំពង់ស្ពឺក្នុងឆ្នាំ២០១០។ ក្រោយមកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទាំងពីរនេះក៏ទទួលបានការចុះបញ្ជីទទួលស្គាល់នៅប្រទេស វៀតណាមក្នុងឆ្នាំ២០១៦ នៅប្រទេសថៃក្នុងឆ្នាំ២០១៧ និងសហគមអឺរ៉ុបសម្រាប់តែម្រេចកំពតប៉ុណ្ណោះក្នុងឆ្នាំ២០១៦ តែស្ករ ត្នោតកំពង់ស្ពឺគឺនៅក្នុងដំណើរការចុះបញ្ជីនៅឡើយ។ ក្រៅពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទាំងពីរដែលបានទទួលចុះបញ្ជីរួច ក៏នៅមានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដែលមានសក្តានុពលផ្សេងទៀតដូចជា ផ្កាអំបិលខេត្តកែប ក្រូចថ្លុងខេត្តក្រចេះ សូត្រ ភ្នំស្រុក អង្ករក្រអូបខេត្តបាត់ដំបង ក្រូចពោធិ័សាត់  ប្រហុកខេត្តសៀមរាប និងធុរ៉េនខេត្តកំពតជាដើម។

ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញគ្រប់គ្រងដោយច្បាប់ចំនួនបី មានដូចជា ប្រកាសស្តីពីនីតិវិធីណែនាំការចុះបញ្ជី និងការការពារ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញឆ្នាំ២០០៩ ដែលបម្រើដល់ការចុះបញ្ជីម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ។ ប៉ុន្តែក្រោយមក ប្រកាសនេះត្រូវបានជំនួសដោយច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងឆ្នាំ២០១៤ ខណៈដែលប្រកាសឆ្នាំ២០០៩ មិន ត្រូវបានអនុវត្តបន្តទៀត ច្បាប់ក៏បានចែងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដែលបានចុះបញ្ជីត្រឹមត្រូវរួចហើយត្រូវមានសុពលភាព បន្ត ដូចជាម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ។[1] បន្ទាប់ពីការអនុម័តច្បាប់ ប្រកាសមួយទៀតស្តីពី នីតិវិធីចុះបញ្ជីនិងកិច្ចការពារ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបានចូលជាធរមាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

នៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨ ប្រទេសកម្ពុជាបានក្លាយជាប្រទេសដំបូងដែលចូលរួមច្បាប់ហ្សឺណែវនៃកិច្ចព្រមព្រៀងលីស្បោន ស្តីអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្ត ដែលផ្តល់ភាពងាយស្រួលនិង រហ័សសម្រាប់ការចុះបញ្ជីការពារ នៅប្រទេសផ្សេងៗទៀត។[2] ច្បាប់ហ្សឺណែវនិងចូលជាធរមានក្នុងរយៈពេល៣(បី)ខែ បន្ទាប់ពីមានភាគីចំនួន ៥(ប្រាំ)ទៀតបាន តម្កល់លិខិតតូបករណ៍ ឬចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ។[3]      

 

វិសាលភាព

 

មិនថាទំនិញកសិផល ទំនិញកសិចំណីអាហារ ទំនិញសិប្បកម្ម ឬទំនិញផ្សេងៗអាចធ្វើការចុះបញ្ជីនិងកិច្ចការពារម៉ាកសម្គាល់ ភូមិសាស្រ្តទំនិញបានអោយតែផលិតផលទាំងនោះផលិតក្នុងតំបន់ភូមិសាស្ត្រ ឬកែច្នៃនៅក្នុងប្រទេសកម្ពុជា។[4] ខណៈដែល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាទូទៅគឺយកឈ្មោះរបស់តំបន់ជាម៉ាកសញ្ញា តែយើងត្រូវកត់សម្គាល់ថា ទីកន្លែងផលិតទំនិញ សម្គាល់ភូមិសាស្រ្តមិនចាំបាច់នៅជាប់ជាមួយព្រំដែនរដ្ឋបាលដែលកំណត់នៅក្នុងផែនទីឡើយ។ ដូចជា ទំនិញសម្គាល់ភូមិ សាស្រ្តម្រេចកំពតត្រូវបានផលិតភាគច្រើននៅក្នុងខេត្តកំពត តែក៏មានផលិតនៅខេត្តកែបផងដែរ។[5] ស្រដៀងគ្នានេះ ស្ករត្នោត កំពង់ស្ពឺអាចត្រូវបានប្រមូល ផលិត និងវេចខ្ចប់នៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាផ្នែកខ្លះរបស់ខេត្តដែលជាប់ ដូចជាខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។[6]     

 

នីតិវិធីនៃការដាក់ពាក្យស្នើសុំចុះបញ្ជី

 

ជំហ៊ានដំបូងក្នុងការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ គឺត្រូវបង្កើតជាសមាគមសម្គាល់ភូមិសាស្រ្តទំនិញ ជាមួយនិងក្រសួងមហាផ្ទៃជាមុន។ ក្រុមផលិតករ ប្រតិបត្តិករ ស្ថាប័ន និងឬបុគ្គលពាក់ព័ន្ធដែលមានបំណងចុះបញ្ជីម៉ាក សម្គាល់ភូមិសាស្រ្តទំនិញត្រូវបង្កើតជាសមាគមមិនស្វែងរកប្រាក់ចំណេញ និងតម្កល់លក្ខន្តិកៈរបស់ខ្លួនជាមួយនិងក្រសួងពា ណិជ្ជកម្ម។ សមាគមសម្គាល់ភូមិសាស្រ្តទំនិញខ្លួនឯងគឺជាអ្នកដាក់ពាក្យស្នើសុំ និងជាម្ចាស់សិទិ្ធលើម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញក្រោយការចុះបញ្ជី។[7] ក្រៅពីជាអ្នកដាក់ពាក្យស្នើសុំចុះបញ្ជី និងជាម្ចាស់លើម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ តួនាទី សំខាន់មួយទៀតគឺធានាថាសមាជិកទាំងអស់គោរពតាមសៀវភៅបន្ទុក និងលក្ខខណ្ឌផ្សេងៗទៀត។  បច្ចុប្បន្នមានសមាគម ចំនួនពីរត្រូវបានបង្កើតឡើង គឺសមាគមលើកកំពស់ស្ករត្នោតកំពង់ស្ពឺ និងសមាគមលើកកំពស់ម្រេចកំពត។

បន្ទាប់ពីសមាគមត្រូវបានបង្កើតឡើង ពាក្យស្នើសុំចុះបញ្ជី​ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញត្រូវដាក់នៅក្រសួងពាណិជ្ជកម្ម។ ពាក្យ ស្នើសុំត្រូវធ្វើជាភាសាខ្មែរ ឬភាសាអង់គ្លេសដោយភ្ជាប់នូវសំណុំឯកសារពាក់ព័ន្ធ  សៀវភៅបន្ទុក គំរូផលិតផល និងវិក័យបត្រ បង់កម្រៃនៃការចុះបញ្ជី។[8] ក្រោយពីបានទទួលពាក្យស្នើសុំ ក្រសួងពាណិជ្ជកម្មនិងឆ្លើយតបក្នុងរយៈពេលសែសិបប្រាំ (៤៥) ថ្ងៃ  ក្រោយពីបានត្រួតពិនិត្យពាក្យស្នើសុំ។[9] ក្នុងករណីពិនិត្យឃើញថាពាក្យស្នើសុំមិនបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌ ដែលបានកំណត់ អ្នកដាក់ពាក្យស្នើសុំអាចធ្វើការកែតម្រូវពាក្យស្នើសុំ  ឬផ្តល់នូវការឆ្លើយតបក្នុងរយៈពេលប្រាំមួយ (៦)ខែ បើមិនដូចច្នេះទេ ពាក្យស្នើសុំត្រូវបានចាត់ទុកថាបានបោះបង់ចោល។

នៅពេលដែលពាក្យស្នើសុំត្រូវចាត់ទុកថាបានបំពេញតាមលក្ខខណ្ឌដែលបានកំណត់ ពាក្យស្នើសុំនោះនិងបន្តទៅកាន់ដំណើរ ការត្រួតពិនិត្យខ្លឹមសារលំអិត។ ក្រសួងពាណិជ្ជកម្មនិងធ្វើការត្រួតពិនិត្យខ្លឹមសារលំអិតដើម្បីធានាថាពាក្យស្នើសុំនោះមិនផ្ទុយ នឹងច្បាប់ តម្លៃសីលធម៌សង្គម សាសនា  ប្រពៃណីល្អ  និងសណ្តាប់ធ្នាប់សាធារណៈ  ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដែល បានស្នើសុំនោះមិនធ្វើអោយសាធារណជនយល់ខុស ឬភាន់ច្រឡំ មិនមែនជាឈ្មោះពូជដំណាំ ឬពូជសត្វ និងមិនមែនជានាម ទូទៅ។[10]  ក្រសួងពាណិជ្ជកម្មនិងទៅពិនិត្យជាក់ស្តែងនៅមូលដ្ឋានផលិតកម្ម និងធ្វើការអញ្ជើញអ្នកស្នើសុំ ឬបុគ្គលដែលមាន​ពាក់ព័ន្ធមកពន្យល់ ឬផ្តល់ភស្តុតាងបន្ថែម។ ក្នុងករណីចាំបាច់ ក្រសួងអាចស្នើសុំមតិយោបល់ពីអ្នកជំនាញដើម្បីធ្វើការពិនិត្យ ពិចារណា និងសម្រេច។

សន្មត់ថា ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនោះឆ្លងផុតនីតិវិធីត្រួតពិនិត្យខ្លឹមសារលំអិត ក្រសួងពាណិជ្ជកម្ម  និងធ្វើការចុះបញ្ជី រួចចេញវិញ្ញាបនបត្រម៉ាកសម្គាល់ភូមិសាស្រ្តជូនដល់អ្នកដាក់ពាក្យស្នើសុំ។ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលបានចុះបញ្ជីរួចនិងត្រូវបោះពុម្ពផ្សាយក្នុងប្រឹត្តិបត្រផ្លូវការក្នុងរយៈពេលមិនលើសពី៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាល បរិច្ឆេទនៃការចុះបញ្ជី[11] ដោយទុកលទ្ធភាពអោយភាគីមានផលប្រយោជន៍ធ្វើការប្តឹងជំទាស់ទៅនឹងការចុះបញ្ជី។[12] បណ្តឹង ជំទាស់ត្រូវដាក់ក្នុងរយៈពេល៩០ (កៅសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៃការបោះពុម្ពផ្សាយដោយឈរលើលក្ខខណ្ឌដែលផ្តល់ ក្នុងមាត្រា៤ (និយមន័យក្នុងច្បាប់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ) និងមាត្រា១០នៃច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ [13]  បើមិនដូចច្នេះទេការចុះបញ្ជីនិងស្ថាព

 

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេស

 

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជីការពារនៅបរទេស អាចធ្វើការចុះបញ្ជីឡើងវិញបាននៅក្នុងព្រះរាជាណាចក្រ កម្ពុជាដោយទទួលបានសិទិ្ធដូចនិងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងស្រុកដែរ។[14] ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបរទេស អាចចុះបញ្ជីបានលុះត្រាតែស្របតាមបទប្បញ្ញត្តិ និងមិនត្រូវឈប់ប្រើប្រាស់ក្នុងប្រទេសដើមរបស់ខ្លួន។[15]  

ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបរទេសត្រូវដាក់នៅក្រសួងពាណិជ្ជកម្មដោយភ្នាក់ងារតំណាងស្របច្បាប់ ឬ តំណាងរដ្ឋបាល ឬអាជ្ញាធរបរទេសតាមរយៈភ្នាក់ងារតំណាងស្របច្បាប់។[16] នីតិវិធីនៃការដាក់ពាក្យស្នើសុំ និងបណ្តឹងជំទាស់ របស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបរទេសគឺមានលក្ខខណ្ឌដូចនិងការស្នើសុំក្នុងស្រុកដែរ ដូចដែលបានរៀបរាប់ខាងលើ។[17]

គិតត្រឹមកាលបរិច្ឆេទនៃការបោះពុម្ពផ្សាយសៀវភៅមគ្គុទ្ទេសក៏នេះ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបរទេសចំនួនពីរត្រូវបានដាក់  ស្នើសុំចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

សៀវភៅបន្ទុក និងការត្រួតពិនិត្យអនុលោមភាព

 

សៀវភៅបន្ទុកត្រូវបានរៀបចំឡើងដោយសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដោយកំណត់អំពីតំបន់ភូមិសាស្រ្តនៃការផលិត លក្ខខណ្ឌនៃការផលិត និងដំណើរការត្រួតពិនិត្យគុណភាពទំនិញសម្គាល់ភូមិសាស្រ្ត។ ការត្រួតពិនិត្យអនុលោមភាពនៃសៀវ ភៅបន្ទុកត្រូវធ្វើឡើងដោយអង្គភាពចេញវិញ្ញាបនបត្រ ឬអង្គភាពត្រួតពិនិត្យជារៀងរាល់ឆ្នាំ។ អង្គភាពចេញវិញ្ញាបនបត្រ ឬ អង្គភាពត្រួតពិនិត្យដែលមានការចុះបញ្ជីស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ត្រូវមានការទទួលស្គាល់ពីនៅក្រសួងពាណិជ្ជ កម្ម ព្រមទាំងត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការស្តង់ដាអន្តរជាតិ ឬស្ថាប័នណាមួយដែលមានប្រព័ន្ធត្រួតពិនិត្យអាច ជឿជាក់បាន ដែលអាចជ្រើសរើសបានដោយសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។[18] ក្នុងករណីម៉ាកសម្គាល់ភូមិសាស្រ្ត ម្រេចកំពត  អេកូហ្សឺត (ECOCERT) ត្រូវបានជ្រើសរើសជាអង្គភាពចេញវិញ្ញាបនបត្រ ហើយអង្គភាពនេះត្រូវផ្ញើរបាយការណ៍ ប្រចាំឆ្នាំជូនក្រសួងពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទិ្ធបញ្ញារៀងរាល់ឆ្នាំ។[19] របាយការណ៍ជាភាសាអង់គ្លេសត្រូវធ្វើការបកប្រែ ជាភាសាខ្មែរដោយមានបញ្ជាក់ពីភាពត្រឹមត្រូវ ដោយរាប់បញ្ជូលនូវបញ្ជីឈ្មោះផលិតករ ប្រតិបត្តិករ ផលិតផល បរិមាណ និង វិធានការដែលបានដាក់ចេញ។[20]       

អង្គភាពត្រូវរាយការណ៍ជូនក្រសួងពាណិជ្ជកម្មរាល់ករណីទាំងឡាយណាខុសពីលក្ខខណ្ឌនៅក្នុងសៀវភៅបន្ទុក និងដាក់ចេញ នូវវិធានការសមស្របណាមួយ។[21] វិធានការទាំងនោះមានដូចជា ធ្វើការកត់សម្គាល់កំហុស និងណែនាំ   ឬធ្វើការដកសិទិ្ធពី ប្រតិបត្តិករ ឬផលិតករក្នុងការប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាអចិន្រ្តៃ។  

ក្រសួងពាណិជ្ជកម្មមានសិទិ្ធអំណាចគ្រប់គ្រាន់ក្នុងការពិនិត្យមើលពីប្រសិទិ្ធភាពការងាររបស់អង្គភាពចេញវិញ្ញាបនបត្រ និង អង្គភាពត្រួតពិនិត្យ ហើយក៏អាចដកសិទិ្ធរបស់អង្គភាពនោះ និងធ្វើការណែនាំដល់សមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ អោយជ្រើសរើសអង្គភាពថ្មីបាន។[22]   

 

សិទិ្ធ

 

ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដែលបានចុះបញ្ជីទទួលស្គាល់អាចត្រូវបានប្រើប្រាស់ដោយសមាជិកសមាគមសម្គាល់ភូមិសាស្រ្តទំនិញ ដែលជាផលិតករ និង/ឬ ប្រតិ្តបត្តិករនៅលើផលិតផលដែលផលិតឡើងដោយស្របតាមសៀវភៅបន្ទុក។[23] សិទិ្ធប្រើ ប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមិនត្រូវបានផ្ទេរបានឡើយ។[24] ម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលជាសមាគម មានសិទិ្ធផ្តឹងទៅតុលាការមានសមត្ថកិច្ចចំពោះបុគ្គលណាម្នាក់ដែលបានប្រើប្រាស់ដោយរំលោភនូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខ្លួនដោយគ្មានការយល់ព្រមជាមុន ដែលមានដូចជា[25]

  • ការប្រើប្រាស់មិនត្រឹមត្រូវក្នុងគោលបំណងពាណិជ្ជកម្មដោយផ្ទាល់ ឬដោយប្រយោលនូវម៉ាកសម្គាល់ភូមិសាស្រ្តដែល បានចុះបញ្ជីរួចហើយចំពោះទំនិញដែលដូចគ្នា ឬទំនិញដែលអាចប្រៀបធៀបបានទៅនឹងទំនិញដែលបានចុះបញ្ជី ដើម្បីអោយការប្រើប្រាស់នោះទទួលផលប្រយោជន៍ ឬអាចនឹងទទួលផលប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់ម៉ាកសម្គាល់ ភូមិសាស្រ្តទំនិញ។

  • ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការធ្វើត្រាប់តាម ការធ្វើអោយនឹងគិតទៅដល់ ឬការបកប្រែម៉ាកភូមិសាស្រ្តទំ និញ ទោះបីប្រភពពិតប្រាកដនៃទំនិញត្រូវបានអមដោយពាក្យដូចជា "ស្ទីល" "យថាប្រភេទ" " ប្រភេទ" "វិធីសាស្រ្ត"  "ត្រាប់តាម" ឬការបកប្រែនៃពាក្យទាំងនេះ ឬពាក្យប្រហាក់ប្រហែលធ្វើអោយសាធារណជនភាន់ច្រឡំក៏ដោយ។

  • ការក្លែងបន្លំ ឬការធ្វើអោយភាន់ច្រឡំអំពីប្រភពដើម ប្រភេទ ឬគុណភាពពិសេសនៃទំនិញដែលបង្ហាញលើសំបកវេច ខ្ចប់គ្រប់ប្រភេទ ឬលើឯកសារផ្សាយពាណិជ្ជកម្ម ឬលើឯកសារផ្សេងៗទៀតដែលទាក់ទងនឹងទំនិញដែលអាចនាំ អោយមានការយល់ខុសអំពីប្រភពដើមរបស់ផលិតផល។

  • ការអនុវត្តផ្សេងៗទៀតដែលអាចធ្វើអោយសាធារណជនទូទៅភាន់ច្រឡំអំពីប្រភពដើមពិតប្រាកដនៃទំនិញ។

ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមានសុពលភាពចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី ប្រសិនបើគ្មានការលុប ឬ មោឃភាព។[26]

 

ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាក

 

ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬការពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអាចជាកម្មវត្ថុក្នុងការរារាំង ដល់ការស្នើសុំចុះបញ្ជីម៉ាកនៅក្នុងកាលៈទេសៈជាលាក់ណាមួយ។ ដូចនេះ ការពាក្យស្នើសុំចុះបញ្ជីម៉ាកណាមួយដែលមាន លក្ខណៈដូច ឬប្រហាក់ប្រហែលធ្វើអោយភាន់ច្រឡំទៅនឹងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដែលបានដាក់ពាក្យមុន នឹងត្រូវ បដិសេដក្នុងការចុះបញ្ជី។[27] ក្រោយពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញត្រូវបានចុះបញ្ជីរួចជាស្ថាពរ​ ម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញនឹងរារាំងរាល់ការចុះបញ្ជីរាល់ម៉ាកសញ្ញាផ្សេងៗទៀតដែលមានប្រភេទទំនិញដូចគ្នា  ដែលអាចធ្វើអោយសាធារណៈជន ទូទៅភាន់ច្រឡំអំពីប្រភពដើមនៃទំនិញ ដោយហេតុថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះមានលក្ខណៈការពារទូលំ ទូលាយជាង ម៉ាកសញ្ញាដែលដូច ឬសញ្ញាធ្វើអោយមានការភាន់ច្រឡំ។[28]  ក៏ប៉ុន្តែ ការចុះបញ្ជីម៉ាកដោយសុចរិតរួចហើយ មុនកាលបរិច្ឆេទនៃកិច្ចការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញគឺត្រូវរក្សាទុកដដែល មានន័យថាម៉ាកដែលបានចុះញ្ជីនោះត្រូវបាន អនុញ្ញាតអោយបន្តប្រើប្រាស់ ប្រសិនបើគ្មានមូលដ្ឋានចាត់ទុកជាមោឃៈ។[29]

 

ការអនុវត្តសិទិ្ធ និងទោសប្បញ្ញតិ

 

ដោយមានសេចក្តីបង្គាប់ពីតុលាការមានសមត្ថិកិច្ច និងជាវិធានការបណ្តោះអាសន្ន ទំនិញដែលសង្ស័យថាបានរំលោភបំពាន សិទិ្ធរបស់ម្ចាស់សិទិ្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងត្រូវធ្វើការឃាត់ទុក ដែលអាចជាសម្ភារ និងឧបករណ៍សំខាន់ៗដែល ប្រើប្រាស់ក្នុង ការផលិតទំនិញនោះ។[30] រាល់ទំនិញដែលមានការបំពានសិទិ្ធរបស់ម្ចាស់សិទិ្ធ ដែលត្រូវបាននាំចូល នាំចេញ លក់ ឬផ្តល់សម្រាប់លក់ត្រូវរឹបអូសដោយអជ្ញាធរមានសមត្ថកិច្ចតាមសេចក្តីសម្រេចរបស់តុលាការ ទោះជាមាន ឬគ្មានអ្នកណា ម្នាក់បានជាប់ទោសចំពោះបទល្មើសនោះក៏ដោយ។ [31]

ទោសព្រហ្មទណ្ឌដែលត្រូវជាប់ពន្ធនាគារពី ១ (មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ បូកនិងការពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ២០ ០០០ ០០០ (ម្ភៃលាន) រៀល (ដែលប្រហាក់ប្រហែលពី ៥០០ដុល្លាអាមេរិក ទៅ៥០០០ដុល្លាអាមេរិកចំពោះ បទល្មើស៖ [32]

  • អំពើប្រើប្រាស់មិនត្រឹមត្រូវក្នុងគោលបំណងពាណិជ្ជកម្មដោយផ្ទាល់ឬដោយប្រយោលនូវម៉ាកសម្គាល់ភូមិសាស្រ្ត ដែលបានចុះបញ្ជីរួចហើយ ចំពោះទំនិញដែលដូចគ្នា ឬទំនិញដែលអាចប្រៀបធៀបបានទៅនឹងទំនិញដែលបានចុះ បញ្ជីរួចហើយ ដើម្បីការប្រើប្រាស់នោះទទួលផលប្រយោជន៍ ឬអាចនឹងទទួលផលប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់ម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ

  • អំពើប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការធ្វើត្រាប់តាម ការធ្វើអោយនឹងគិតទៅដល់ ឬការបកប្រែម៉ាកសម្គាល់ភូមិ សាស្ត្រទំនិញ ទោះបីជាប្រភពពិតប្រាកដនៃទំនិញត្រូវបានអបដោយពាក្យដូចជា "ស្ទីល"  "យថាប្រភេទ"  "ប្រភេទ" "វិធីសាស្រ្ត"  "របៀប"  "ត្រាប់តាម" ឬការបកប្រែនៃពាក្យទាំងនេះ ឬពាក្យប្រហាក់ប្រហែលធ្វើអោយសាធារណជន ភាន់ច្រឡំក៏ដោយ

  • អំពើក្លែងបន្លំ ឬធ្វើអោយភាន់ច្រឡំអំពីប្រភពដើម ប្រភេទ ឬគុណភាពពិសេសនៃទំនិញដែលបង្ហាញលើសំបកវេចខ្ចប់ គ្រប់ប្រភេទ ឬលើឯកសារផ្សាយពាណិជ្ជកម្ម ឬលើឯកសារផ្សេងទៀតដែលទាក់ទងទៅនឹងទំនិញដែលអាចនាំអោយ មានការយល់ខុសពីប្រភពដើមរបស់ផលិតផល

  • អំពើផ្សេងៗទៀតដែលអាចធ្វើអោយសាធារណជនទូទៅភាន់ច្រឡំពីប្រភពដើមពិតប្រាកដនៃទំនិញ   

ការពិន័យទោសព្រហ្មទណ្ឌបន្ថែម ត្រូវអនុវត្តលើនីតិបុគ្គលអាចត្រូវប្រកាសថាត្រូវទទួលខុសត្រូវ ចំពោះការរំលោភសិទិ្ធលើម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ។[33] ការពិន័យទោសព្រហ្មទណ្ឌលើនីតិបុគ្គលសម្រាប់ទង្វើខាងលើត្រូវពិន័យជាប្រាក់ពី ២០ ០០០ ០០០០ (ម្ភៃលាន) រៀល ទៅ៥០ ០០០ ០០០ (ហាសិបលាន) រៀល ជាមួយការពិន័យដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូចជាការរំលាយ និងជម្រះបញ្ជីនៃនីតិបុគ្គល ការដាក់នីតិបុគ្គលអោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព  ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ការរឹបអូសកម្មសិទិ្ធ ការលក់ ការបំផ្លាញ ចោលវត្ថុរឹបអូស ការរឹបអូសសិទ្ធិតតិយជន ការបិទផ្សាយសេចក្តីសម្រេច ការផ្សាយសេចក្តីសម្រេចតាមមធ្យោបាយទូរគមនា គមន៍សោតទស្សន៍ជាអាទិ៍។[34]

 

 

[1] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២៥

[2] កម្ពុជាចូលរួមច្បាប់ហ្សឺណែវនៃកិច្ចព្រមព្រៀងលីស្បោន  ស្តីពីឈ្មោះប្រភេទដើមទំនិញ  និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ   សេចក្តីប្រកាសពត៌មានអង្គការកម្មសិទិ្ធបញ្ញាពិភពលោក ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨

[3] យោងលេខ២២៦ខាងលើ 

[4] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៣

[5] សៀវភៅបន្ទុកម្រេចកំពត

[6] សៀវភៅបន្ទុកស្ករត្នោតកំពង់ស្ពឺ

[7] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៧

[8] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៨

[9] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៩

[10] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ១១

[11] ប្រកាសលេខ៤២២  ស្តីពីនីតិវិធីចុះបញ្ជី និងកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មាត្រា ១៥

[12] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ១២

[13] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ១៦

[14] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ១៩

[15] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ១៩

[16] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២០

[17] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២០

[18] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២៦

[19] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២៦

[20] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២៦

[21] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២៦

[22] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២៧

[23] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២២

[24] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២២

[25] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២៣

[26] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ២៤

[27] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៣១

[28] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៣១

[29] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៣១

[30] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៣៧

[31] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៣៧

[32] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៣៩

[33] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៣៩

[34] ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ  មាត្រា ៣៩

bottom of page